(កំពង់ស្ពឺ)៖ សមាគមស្វាយកែវរមៀតកំពង់ស្ពឺ បានប្រកាសទិញស្វាយ ពីប្រជាកសិករទូទាំងប្រទេសកម្ពុជា ដើម្បីជួយលើកទឹកចិត្តប្រជាកសិករ និងធ្វើឲ្យទីផ្សារស្វាយ មានស្ថេរភាព។ តម្លៃទិញត្រូវបានកំណត់ ៤០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្វាយខៀវ (ធ្វើដំណាប់)។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកស្រី ឈិន ចំរើន ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ បានឲ្យដឹងថា ស្វាយដែលទទួលទិញ ត្រូវមានលក្ខណៈគុណភាពល្អ ដោយស្វាយចំនួន៣ផ្លែ ត្រូវស្មើនឹងមួយគីឡូក្រាម។

ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា ការកំណត់នេះ គឺជាចំណុចសំខាន់មួយ ដើម្បីធានាបាននូវផលិតផល ដែលអាចបំពេញតម្រូវការទីផ្សារ និងមានស្តង់ដារ ក្នុងការប្រកួតប្រជែង។ លោកស្រីបញ្ជាក់ថា រោងចក្រកែច្នៃស្វាយមានចំនួន២៧ ក្នុងនោះចំនួន២៥រោងចក្រ នៅខេត្តកំពង់ស្ពឺ, មួយរោងចក្រនៅខេត្តបាត់ដំបង និងមួយរោងចក្រទៀត នៅខេត្តប៉ៃលិន។

ដើម្បីជួយបញ្ហាផ្នែកបច្ចេកទេស សមាគមក៏បានរៀបចំក្រុមអ្នកជំនាញ ដែលអាចផ្តល់ការណែនាំទៅកាន់ប្រជាកសិករ ដែលចង់បង្កើនគុណភាពផលិតផលរបស់ខ្លួន។ កសិករអាចទាក់ទងសមាគម ដើម្បីស្នើសុំការគាំទ្រផ្នែកបច្ចេកទេស ដូចជា វិធីសាស្រ្តដាំដុះ ការថែទាំដើមស្វាយ និងការជ្រើសរើសពូជល្អ។

ឆ្លើយតបនឹងតម្រូវការផ្សេងៗរបស់កសិករ សមាគមស្វាយកែវរមៀតកំពង់ស្ពឺ ក៏បានរៀបចំការដឹកជញ្ជូនផងដែរ។ ករណីកសិករគ្មានលទ្ធភាពដឹកនាំស្វាយមកផ្ទាល់, សមាគមមាន ឡានដឹកជញ្ជូន ដើម្បីរើសយកពីកន្លែងកសិករផ្ទាល់ផងដែរ។

លោកស្រី ឈិន ចំរើន បានលើកឡើងថា សមាគមស្វាយកែវរមៀតកំពង់ស្ពឺ មានសមត្ថភាពទិញស្វាយបានចន្លោះពី១០០តោន ដល់១៥០តោនក្នុងមួយថ្ងៃ។

បើតាមប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ, ការប្រកាសទិញនេះ មិនត្រឹមតែជួយបង្កើនប្រាក់ចំណូល របស់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់វិស័យកសិកម្មស្វាយ ឲ្យមានទិសដៅច្បាស់លាស់ និងការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងរយៈពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកលោកស្រី ឈិន ចំរើន តាមរយៈទូរសព្ទលេខ ​០៨១​ ៣៨៦ ១៣៦៕