(ភ្នំពេញ)៖ ក្នុងជំនួបដោយឡែកពីគ្នាជាមួយក្រុមហ៊ុនចំនួន២ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងនោះ គិតគូរពីការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីបម្រើដល់ការវិនិយោគរបស់ខ្លួន។
ក្រុមហ៊ុនទាំងពីរនោះរួមមាន៖ ក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន Beijing Sainte Holding Co., Ltd។
* ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd.
លោក ជា វុទ្ធី និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលដឹកនាំដោយលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន ដោយមានការសម្របសម្រួលពីលោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី ហ័ង រួយហ័រ (Wong Swie Hwa) ប្រធានសមាគមធុរកិច្ចហុងកុង និងម៉ាកាវប្រចាំកម្ពុជា។
លោកអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន Beijing Sainte Holding Co., Ltd មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។
លោកអគ្គលេខាធិការបានជម្រាបជូនក្រុមហ៊ុនពីសាវតារ របស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធន៍និងភាពជោគជ័យ របស់ក្រុមហ៊ុនមួយចំនួនដូចជានៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េជាដើម។
ជាការគិតគូរជំហានបន្ទាប់ លោកអគ្គលេខាបានស្នើឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសទីតាំងសមស្រប ដើម្បីធ្វើការបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។
បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេង។
ជាការឆ្លើយតប ក្រុមហ៊ុនបានសន្យា និងមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើប និងឈានមុខពីប្រទេសចិនដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ លើសពីនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd សង្ឃឹមថាគម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ។
* ជំនួបជាមួយក្រុមហ៊ុន Yazaki
នៅរសៀលថ្ងៃដដែលនេះ លោក ជា វុទ្ធី និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន។ ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាក្នុងតំបន់សេដ្ឋកិច្ចនាងកុក កោះកុង ប្រមាណជាង ១០ឆ្នាំ និងបានមានវត្តមាននៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិតប្រមាន ៤០ឆ្នាំមកហើយ។
លោកអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនបានមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។
ក្នុងន័យនេះលោកអគ្គលេខាធិការក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុន ជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ ក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោក Yoshimoto Ito ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន និងបានសម្តែងនូវសេចក្តីរីករាយ ដែលលោកអគ្គលេខាធិការបានគាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សំដៅដល់មជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។
យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
វិនិយោគិនត្រូវបានលើកទឹកចិត្ត ឱ្យជ្រើសរើសការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។