(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ប្រព័ន្ធ ខេមឌីអ៊ិច (CAM DX) ដែលជាប្រព័ន្ធថេកណូឡូថ្មី ដែលរដ្ឋាភិបាលគ្រោងដាក់ដំណើរការសម្រាប់វិស័យអចលនទ្រព្យ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិស័យនេះ ពោលគឺផ្តល់ងាយងាយដល់ការប្រមូលពន្ធ និងអ្នករកស៊ីលើវិស័យអចលនទ្រព្យនេះ ដែលជួយការបន្ថយទាំងការចំណាយពេលវេលាយូរ និងការចំងាយថវិកាក្រៅផ្លូវការច្រើន។
លោកលើកឡើងបែបនេះ ធ្វើឡើងក្នុង កម្មវិធី RESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់»។
លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការចុះបញ្ជី និងការធ្វើឯកសារមួយចំនួននៅប្រើដោយដៃ នាំឱ្យមន្រ្តីមួយចំនួនតូច ឆ្លៀតឱកាសបង្កឱ្យមានការកក់ស្ទះដើម្បីទទួលបានកម្រៃផ្លូវការ ដែលនាំឱ្យម្ចាស់អាជីវកម្ម មានការចំណាយខ្ពស់។ ហើយនៅពេលករណីនេះ កើតឡើងច្រើន ធ្វើឱ្យអ្នករកស៊ីនៅក្រៅប្រទេស មិនមានការចាប់អារម្មណ៍ចង់មកបណ្តាក់ទុករកស៊ីនៅកម្ពុជាឡើយ។
ដូច្នេះហើយលោកលើកឡើងថា «ចឹងខ្ញុំជឿថា នៅពេលប្រព័ន្ធ ខេមឌីអ៊ិច ដែលរដ្ឋាភិបាលកំពុងតែធ្វើ ដាក់ឱ្យប្រើប្រាស់ នឹងល្អទាំងអស់គ្នា រដ្ឋាភិបាលទទួលបានចំណូលពីការយកពន្ធច្រើន អ្នករកស៊ីក៏មានភាពងាយស្រួល ។ខ្ញុំលឺថា ឯកសារខ្លះធ្វើរហូតដល់២០០ទៅ៣០០ឯកសារ តែឥលូវកាត់នៅសល់តែ៨០ឯកសារនោះទេ»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស៊ន សៀប៖
