(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) អ្នកដែលការទិញហ៊ុនហើយធ្លាក់ថ្លៃ អាចជាឱកាសនៃការវិនិយោគមួយ ដែលទទួលបានផលចំណេញនៅពេលក្រោយ។ ដូច្នេះហើយលោកលើកទឹកចិត្តឱ្យវិនិយោគរយៈពេលវែង។

ជាក់ស្តែងលោកសង្កេតឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុន ២ គឺ ក្រុមហ៊ុន ហ្រ្គេន ធ្វីន (GTI) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាពេលកន្លងបានធ្លាក់ចុះយ៉ាងគំហុគ ប៉ុន្តែក្រោយមកបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ប្រមាណ២០០%។

លោកបានលើកឡើងថា ភាគហ៊ុនក្រុមហ៊ុន GTI កើនពីជាង ២០០០រៀល ក្នុងមួយហ៊ុននៅដើមឆ្នាំ២០២៤ មកដល់ជាង ៦០០០ រៀលក្នុងមួយហ៊ុន នៅចុងឆ្នាំ២០២៤ ដែលកើនឡើង ប្រមាណ ៤០០០រៀល។ ហើយថ្លៃភាគហ៊ុនបានបន្តកើនឡើងមកដល់ជាង ៧០០០រៀលនាពេលបច្ចុប្បន្ន ឬ កើនប្រមាណជាង ៥០០០រៀល។ ការកើនឡើងនេះ បានធ្វើឱ្យ ក្រុមហ៊ុន GTI ទទួលបានពានរង្វាន់ ភាគហ៊ុនមានអត្រាចំណេញច្រើនជាងគេប្រចាំឆ្នាំ ២០២៤ ផងដែរ។

លោកពន្យល់បន្ថែមថា «មានវិនិយោគិនមួយចំនួនបានទិញភាគហ៊ុន GTI ក្នុងតម្លៃជាង ៤០០០រៀល ក្នុងឆ្នាំ២០២១ និង ឆ្នាំ២០២២ ហើយថ្លៃភាគហ៊ុនបានបន្តធ្លាក់ចុះមកជាង ២០០០រៀល ក្នុងមួយហ៊ុន ឬអាចនិយាយបានថាខាត៥០% បើ យើងលក់។ ចំពោះវិនិយោគិន ដែលមិនលក់ហើយសម្រេចចិត្តបន្តកាន់កាប់ភាគហ៊ុនមួយនេះរហូតមកដល់ បច្ចុប្បន្ន យើងឃើញថាបានចំណេញប្រមាណ៧០% មកវិញ ក្នុងរយៈពេល៣ឬ៤ឆ្នាំនេះ។ នេះគឺជាផល ចំណេញនៃការវិនិយោគរយៈពេលវែងដែល ខ្ញុំតែងតែណែនាំវិនិយោគិនរបស់យើងកុំឱ្យមានការបារម្ភ ឬភ័យ ខ្លាចពេលភាគហ៊ុនធ្លាក់ចុះ តែបើអាចគឺយើងសន្សំ ឬទិញបន្ថែមទៀត»។

ជាមួយគ្នានេះ ភាគហ៊ុនរបស់រដ្ឋាករទឹក ចាប់ពីឆ្នាំ២០១២ មកឆ្នាំ២០១៧ បានធ្លាក់ចុះជាលំដាប់ ក្រោមតម្លៃ IPO ៥ឆ្នាំជាប់គ្នា ពោលគឺធ្លាក់ចុះពីតម្លៃជាង១ម៉ឺនរៀល ដល់ជាង៣ពាន់ពាន់រៀល ប៉ុន្តែក្រោយមកចាប់ពីឆ្នាំ២០១៨ បានកើនឡើងទ្វេរមួយជា២ ឬជា៣ ឬជិត២០០%។

លោកមានប្រសាសន៍ថា ថយចុះ ឬការកើនឡើងវិញនៃតម្លៃហ៊ុន គឺអាស្រ័យលើទំនុកចិត្តរបស់វិនិយោគិន និងការវាយតម្លៃរបស់វិនិយោគិននៅក្នុងផងដែរ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ហុង សុហួរ ៖