(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកនៃក្រុមហ៊ុនឡាញហលអិចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបើកចិត្ត និងដាក់ចេញគោលនយោបាយល្អៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដូច្នេះនៅថ្នាក់ក្រោម គួរតែអនុវត្តឱ្យបានល្អ អនុវត្តឱ្យបានលឿន ឆ្លើយបតទៅនឹងការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោកឧកញ៉ា ស៊ិន ចន្ធី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុងពេលមានសង្រ្គាមពាណិជ្ជកម្ម»។
ឧកញ៉ា ស៊ិន ចន្ធី បានថ្លែងថា នៅពេលរដ្ឋាភិបាលបានដាក់ចេញ ច្បាប់ ឬប្រកាសផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់កម្ពុជា នឹងកាត់បន្ថយនៅផលរាំងស្ទះផ្សេង នេះជាការពិត ហើយក៏មានការអបអរសារទរយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់ថា «ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី តែការអនុវត្តរបស់មន្រ្ដីថ្នាក់ក្រោម នៅមានកម្រិតនៅឡើយ មិនទាន់ល្អគ្រប់គ្រាន់នោះទេ ដែលមិនបានឆ្លើយតបនឹងការយកចិត្តទុកដាក់ និងគំនិត និងការដាក់ចេញរបស់រដ្ឋាភិបាលនោះឡើយ នេះជាផលរាំងស្ទះដែលកំពុងជួបប្រទះជារៀងរាល់ថ្ងៃ»។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងវិស័យ Logistic បច្ចុប្បន្ននេះមានក្រុមការងារជាសហប្រធានជាមួយរដ្ឋក្រសួងសាធារណៈ និងដឹកជញ្ជូន និងសភាពពាណិជ្ជកម្មផងដែរ ដូច្នេះបញ្ហាដែលមានកើត ចំពោះអ្នកប្រកបរបរទទួលទានយើងបានជជែក ហើយឃើញថា ការធ្វើការងារជាមួយថ្នាក់ដឹកនាំមិនមានការលំបាកនោះទេ ប៉ុន្ដែមន្រ្ដីក្រោមឱវាទនៅមានចំណុចខ្វះខាត (និយាយចំពោះបុគ្គលប៉ុណ្ណោះ) ដូច្នេះសូមថ្នាក់ក្រោមត្រូវតែអនុវត្តឱ្យបានល្អ ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម៕