(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកនៃក្រុមហ៊ុនឡាញហលអិចប្រេស និងជាអ្​នកជំនាញក្នុងវិស័យដឹកជញ្ជូនបានលើកឡើងថា ការជំរុញឱ្យប្រព័ន្ធបញ្ជរតែមួយជាតិ ក្លាយជាប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) ​នឹងធ្វើឱ្យល្បឿននៃការអនុម័តឯកសារ សម្រាប់នាំចេញកាន់តែលឿន ​ផ្តល់ភាពងាយស្រួលដល់ការនាំចេញទំនិញ និងមិនមានភាពយឺតយ៉ាវ។

ឧកញ៉ា ស៊ិន ចន្ធី លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុង​ពេលមានសង្រ្គាម​ពាណិជ្ជកម្ម»។

លោកបានលើកឡើងថា ថ្វីត្បិតបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងពាណិជ្ជកម្ម បានតម្រូវឱ្យមានការបំពេញឯកសារតាមអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់ការនាំចេញក៏ដោយ ប៉ុន្តែការនាំចេញទំនិញខ្លះ គឺតម្រូវឱ្យឆ្លងកាត់ការអនុញ្ញាត​ក្រសួងផ្សេងទៀត។

លោកបានឱ្យដឹងថា ក្រសួងខ្លះបានប្រើប្រាស់ពេលវេលាយូរ ទើបចេញឯកសារអនុញ្ញាត ​ហើយករណីខ្លះទៀតនៅពេលដាក់ឯកសារហើយ មានការចរចាសិន។​ ​ករណីទាំងនេះ ​បាន​រារាំងដល់ការនាំចេញទំនិញមានភាពយឺតយ៉ាវ​។ ដូច្នេះហើយលោកចង់ឱ្យ ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្លាយជាប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) ដើម្បីជំរុញល្បឿនឯកសារនាំចេញ បានកាន់តែលឿន៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស៊ិន ចន្ធី៖