(ភ្នំពេញ)៖ លោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយក នៃក្រុមហ៊ុនឡាញហលអិចប្រេស បានស្នើទទូចសូមឲ្យរដ្ឋាភិបាលអនុវត្តឱ្យបានពេញលេញ លើមុខងារបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក្នុងគ្រាដែលស្ថានភាពពិភពលោក កើនឡើងនូវសង្គ្រាមពាណិជ្ជកម្ម។

ការលើកឡើងរបស់លោកឧកញ៉ា ស៊ិន ចន្ធី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុង​ពេលមានសង្រ្គាម​ពាណិជ្ជកម្ម»។

លោកឧកញ៉ា ស៊ិន ចន្ធី បានថ្លែងថា ជាការពិតរដ្ឋាភិបាលបានកំពុងសស្រាសស្រាំ ក្នុងការធ្វើការជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីសម្រួល និងបន្ធូរបន្ថយដល់ការតម្លើងពន្ធ ដែលមានរហូតដល់៤៩ភាគរយ យើងឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងមែនទែន ក្នុងការធ្វើកិច្ចការងារនេះ។

លោកឧកញ៉ាបានបន្ដថា ក្នុងនាមជាវិស័យដឹកជញ្ជូន និង Logistic មាន៣ចំណុចចង់បង្ហាញរួមមាន៖
១៖ កម្ពុជាមានកម្លាំងមួយខ្លាំង ក្នុងការនិយាយពិភាក្សា ចរចារជាមួយអាមេរិកបាន ព្រោះកម្ពុជាមិនមានចំណុចណាមួយ ដែលធ្វើឲ្យសហរដ្ឋអាមេរិកមិនពេញចិត្តនោះឡើយ។
២៖ ការបញ្ចុះពន្ធមក ៥ភាគរយលើទំនិញ១៩នេះ ច្បាស់ណាស់ថា នឹងអាចមានការបញ្ចុះបន្ថែមទៀត ប្រសិនបើយើងចរចារ។
៣៖ ដើម្បីឲ្យពាណិជ្ជកម្មបោះជំហានបានលឿន ការរុញផ្នែកឌីជីថលឲ្យបានខ្លាំង (ស្វ័យប្រវត្តិកម្ម -Automation))។

លោកឧកញ៉ាបានបញ្ជាក់ថា «ដើម្បីឲ្យពាណិជ្ជកម្មបោះជំហានបានលឿន ជាគោលការណ៍របស់រដ្ឋាភិបាលធ្វើយ៉ាងណា ឲ្យការនាំចេញនាំចូល ក៏ដូចជាលំហូរពាណិជ្ជកម្មបានកាន់តែប្រសើរ ត្រូវបើកផ្លូវឲ្យប្រព័ន្ធលើកិច្ចការងារដើររលូន ព្រោះថាក្រសួងស្ថាប័នខ្លះលំបាក ក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូល ដែលធ្វើឲ្យរាំងស្ទះ»

លោកឧកញ៉ាបន្ដថា សូមឲ្យយកចិត្តទុកដាក់លើចំណុចនេះ [ស្វ័យប្រវត្តិកម្ម (Automation)] បានខ្លាំងក្លាមែនទែន ដើម្បីឲ្យពាណិជ្ជកម្ម ការនាំចេញនាំចូលមានលំហូរ៕