(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou ខេត្តហឺណាន់ ប្រទេសចិន ដែលដឹកនាំដោយលោក Wang Ju អគ្គលេខាធិការរងនៃរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou អមដោយថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ ជាពិសេសស្រូវអង្ករ និង ការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ព្រមទាំងការតភ្ជាប់ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ រវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Zhengzhou នៃខេត្តហឺណាន់ ដែលជាខេត្តមានឯកទេសខ្ពស់ផ្នែកកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ហើយត្រូវបានគេទទួលស្គាល់ថាជា «ឃ្លាំងស្តុកអារហារ និងផ្ទះបាយនៃប្រទេសចិន» ។
ថ្លែងក្នុងឱកាសនោះ, លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ជាពិសេសថ្មីៗនេះ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រោមការចង្អុលបង្ហាញរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក Wang Ju បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលជួបគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou និង បានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចនៃខេត្តហឺណាន់ ដែលពោរពេញដោយសក្តានុពលផ្នែកកសិកម្ម និង ឧស្សាហកម្មកែច្នៃម្ហូបអាហារ។
លោកបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និង ការចូលរួមចំណែកយ៉ាងសំខាន់របស់ខេត្តហឺណាន់ ទៅលើទំហំសេដ្ឋកិច្ចរបស់ប្រទេសចិន ជាពិសេស ផ្នែកកសិកម្ម និង ឧស្សាហកម្មកែច្នៃម្ហូបអាហារ។
ទន្ទឹមនេះ, លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou និងជំរុញឱ្យមានកិច្ចពិភាក្សាកម្រិតបច្ចេកទេស ឱ្យបានគ្រប់ជ្រុងជ្រោយថែមទៀត សំដៅជំរុញការអនុវត្តគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និង ឧស្សាហកម្មកែច្នៃម្ហូបអាហារ ។
គួរជម្រាបជូនថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ «ច្រករបៀងត្រី និងស្រូវ» (Fish and Rice Corridor) ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សាធារណៈរដ្ឋប្រជាមានិតចិន កាលពីខែកញ្ញា ឆ្នាំ ២០២៣ គឺផ្តោតសំខាន់លើការលើកកម្ពស់វិស័យផលិតកម្មម្ហូបអាហារនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន វារីវប្បកម្ម កសិកែច្នៃ កសិកម្មអេកូឡូស៊ី ការអនុវត្តបច្ចេកវិទ្យាកសិកម្មថ្មី ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ក្នុងគោលដៅបង្កើនសមត្ថភាពផលិតកម្មកសិកម្មរបស់កម្ពុជា និង ដើម្បីជំរុញការបង្កើនពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ។
ជាមួយគ្នានេះ, កិច្ចសហការនេះ ក៏ជាផ្នែកមួយនៃ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ» និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រទ្វេរភាគី (Diamond Hexagon) ផងដែរ ។
លោកបណ្ឌិតសភាចារ្យ បានជូនពរដល់លោក Wang Ju និង គណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះ និង ធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕