(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) នៅសាលាជាតិគយ ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងជាតំណាងសមាគម ក្រុមហ៊ុន ធុរជន នីតិបុគ្គលជើងសាគយ តំណាងធនាគារពាណិជ្ជជាដៃគូ និងមន្រ្តីគយនិងរដ្ឋាករសរុបប្រមាណ២០០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមទៀតជូនដល់ភាគីពាក់ព័ន្ធទាំងអស់ អំពីមុខងារនៃការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជំរុញការប្រើប្រាស់មុខងារនេះឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការងារប្រមូលចំណូលគយនិងរដ្ឋាករ។ ការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក ជាមធ្យោបាយទូទាត់ល្អប្រកបដោយសុវត្ថិភាព ហើយទាន់សម័យសម្រាប់ការបង់ចំណូលពន្ធ អាករ និងកម្រៃគយគ្រប់ប្រភេទ តាមរយៈប្រព័ន្ធសន្ធានកម្មរវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយប្រព័ន្ធធនាគារពាណិជ្ជជាដៃគូ។

មានមតិក្នុងអង្គសិក្ខាសាលា លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា ការបង់ពន្ធគយតាមមធ្យោបាយអេឡិចត្រូនិក (e-Payment) បានផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញនាំចូល និងនីតិបុគ្គលជើងសាគយ មានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ និងចៀសវាងបាននូវការភាន់ច្រលំចំនួនប្រាក់ពន្ធ ឬលេខគណនីធនាគារចំណូលគយជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការបង់ពន្ធ។

សម្រាប់មន្រ្តីគយនិងរដ្ឋាករ ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលា។ មុខងារនេះត្រូវបានបង្កើតឡើង ដើម្បីចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបានបន្តថា ចាប់ពីឆ្នាំ២០១៣ មកដល់ខែឧសភា ឆ្នាំ២០២៤ មានធនាគារពាណិជ្ជចំនួន ១១ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ។ ក្នុងនោះ ធនាគារពាណិជ្ជចំនួន ៧ បានរៀបចំ និងកំពុងអនុវត្ត e-Payment ដែលត្រូវបានអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់លើប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ចាប់តាំងពីឆ្នាំ២០១៨។

លោកអគ្គនាយករងក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងជាតំណាងសមាគម ក្រុមហ៊ុន ធុរជន នីតិបុគ្គលជើងសាគយ, តំណាងធនាគារ, មន្រ្តីគយនិងរដ្ឋាករ ចូលរួមជំរុញ និងប្រើប្រាស់មុខងារ e-Payment ក្នុងការបង់ពន្ធគយឱ្យអស់លទ្ធភាព។

សិក្ខាសាលាដែលមានរយៈពេល១ព្រឹកនេះ មានការធ្វើបទបង្ហាញដោយមន្ត្រីគយនិងរដ្ឋាករ និងបទបង្ហាញ អំពី e-Payment ព្រមទាំងសេវាកម្មផ្សេងៗរបស់ធនាគារជាដៃគូចំនួន៨ និងបន្តដោយកម្មវិធីសំណួរ-ចម្លើយ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍៕