(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានស្នើដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យសិក្សាអំពីលទ្ធភាព ក្នុងការចូលរួម ជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ចម និម្មល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី «លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com»។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

សិក្ខាសាលាខាងលើនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុន Alibaba.com ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់

លោកស្រីរដ្ឋមន្ដ្រី មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាព ក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាព ក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទៅក្នុងទីផ្សារអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ចម និម្មល ក៏បានស្នើ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាព ក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត។

លោកស្រីបានឲ្យដឹងថា ការចូលរួមនេះ ដើម្បីគាំទ្រ និងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជា ឲ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។

ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកស្រីរដ្ឋមន្ត្រី ចម និម្មល ក៏បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖

(១)៖ ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ ដើម្បីឲ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់

(២)៖ ជំរុញការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឲ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ
(៣)៖ បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរ ក្នុងការផ្គត់ផ្គង់ផលិតផល ដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត
(៤)៖ បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែម ដល់ការចូលរួមរបស់ធុរជនកម្ពុជា នៅក្នុងយន្តការនេះ
និង (៥)៖ ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឲ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕