(ភ្នំពេញ)៖ កំពង់ផែក្រុងព្រះសីហនុ និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងសិក្សាមធ្យោបាយ​នាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដឹករាយដោយមិនប្រើប្រាស់សំបកកុងតឺន័រ ទៀតនោះឡើយ។​

វិធីសាស្ត្រនេះ ត្រូវបានអ្នកជំនាញយល់ថា ដើម្បីពង្រីកសក្តានុពលនៃការនាំចេញអង្ករកម្ពុជា​ ​ព្រោះការមធ្យោបាយដឹកជញ្ជូនអង្ករថ្មីនេះ ជួយឱ្យដឹកបានច្រើន និងមានតម្លៃទាប។

​ការសិក្សាពីលទ្ធភាពប្រើមធ្យោបាយដឹករាយនេះ បានធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលថ្មីៗនេះ។

លោក លូ គឹមឈន់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា ការនាំចេញអង្ករកម្ពុជា ដោយ​មិនប្រើប្រាស់សំបកកុងតឺន័រ ឬ​ដឹករាយ​ ​គឺធ្វើឡើងតាមរយៈ​ការដឹកដាក់ប៉ាវនៅក្នុងកប៉ាល់ ដោយមិនចាំបាច់ដាក់ក្នុងកុងតឺន័រ​។ ការដឹកជញ្ជូនតាមរយៈមធ្យោបាយនេះ នឹងធ្វើឱ្យការដឹកជញ្ជូនកាន់តែមានតម្លៃទាប ជាង​ការដឹកដាក់ក្នុងកុងតឺន័រ​ និងដឹកបានច្រើន ​ពោល គឺការដឹកតាមរយៈនេះ អាចដឹកបានចាប់ពី ៥ពាន់តោនទៅ ២ម៉ឺនតោន។ តែយ៉ាងនេះក្តីការដឹករាយនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពអង្ករផងដែរ។

លោកលើកឡើងថា​ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពីទិសដៅទីផ្សារប្រទេសណា ដែលអាចដឹករាយបាន។

លោកថា «សំខាន់ខាងសហព័ន្ធស្រូវអង្ករ ឱ្យគាត់មានទីផ្សារបស់គាត់ច្បាស់លាស់ថា ​បើយើងមានមធ្យោបាយដឹករាយ បើគាត់អត់ដឹករាយក៏វាមានការខាតបង់។ អ៊ីចឹងត្រូវមានការសហការគ្នារវាងកំពង់ផែ និងខាងសមាគមស្រូវអង្ករ។ បើសួរថាពេលណា យើងមិនទាន់ដឹងច្បាស់ទេ សំខាន់ឱ្យដឹងទីផ្សារសិន បើតាមឮព័ត៌មានខាងហ្វីលីពីន បង់ក្លាដេស ឥណ្ឌូនេស៊ី គាត់ចង់បានដឹកជារាយដែរ»។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា សហព័ន្ធស្រូវអង្ករកំពុងសម្លឹងមើលទីផ្សារប្រទេសមួយចំនួន ដូចជា មជ្ឈឹមបូព៌ា ចិន និងទីផ្សារអាស៊ីអាគ្នេយ៍ ក្នុងការប្រើប្រាស់មធ្យោបាយដឹករាយនេះ។

លោកថា ​មធ្យោបាយដឹករាយនេះ គឺជាជម្រើសបន្ថែមមួយទៀត លើជម្រើសដឹកតាមកុងតឺន័រ ដោយសារកន្លងមកការ​នាំចេញអង្ករដោយប្រើប្រាស់កុងតឺន័រ ​​ពេលខ្លះត្រូវជួបឧបសគ្គ ព្រោះតែគ្មានសំបកទូរកុងតឺន័រ ជាពិសេសការដឹកជញ្ជូនទៅកាន់ទីផ្សារជិតៗ ដូចជានៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពិន ម៉ាឡេស៊ីជាដើម។ ហេតុដូច្នេះហើយ ការដឹករាយទៅទីផ្សារទាំងនេះ គឺជាជម្រើសមួយដែលល្អ​ និងចំណេញថវិកាច្រើន។

លោកលើកឡើងថា នៅពេលដែលកម្ពុជា ចាប់ផ្តើមនាំចេញទំនិញក្នុងទំហំច្រើន ទៅកាន់ទីផ្សារមួយចំនួន ជាពិសេស​ទីផ្សារអាស៊ីអាគ្នេយ៍ ​ទីផ្សារមជ្ឈឹមបូព៌ា ការប្រើប្រាស់មធ្យោបាយដឹករាយនេះ គឺជាជម្រើសល្អ ព្រោះទីផ្សារធំៗ តែងតែប្រើប្រាស់មធ្យោបាយដឹករាយជាគោល។

លោកពន្យល់ថា «យើងត្រូវមានជម្រើសទាំងអស់ ទាំងជម្រើសប្រើកុងតឺន័រ និងជម្រើស​ដឹករាយ ព្រោះយើងដឹករាយ យើងអាចដាក់ ៦ពាន់តោន ១ម៉ឺនតោន ២ម៉ឺនតោន ឬ១ម៉ឺន៥ពាន់តោនតែម្តង។ ហើយយើងឃើញថាថ្មីៗនេះ នៅទីផ្សារឥណ្ឌនេស៊ី ក៏ដូចជាទីផ្សារហ្វីលីពីន គាត់ត្រូវការដឹករាយជាប្រចាំតែម្តង។ យើងត្រូវការមធ្យោបាយដឹករាយនេះ ព្រោះមធ្យោបាយដឹករាយនេះ វាមានភាពងាយស្រួល ទៅដល់ប្រទេសជាអ្នកទិញ ដែលគាត់អាចឡើងឥវ៉ាន់មានភាពងាយស្រួលជាង ហើយលឿនជាង ហើយយើងក៏ឃើញថាថ្លៃលើកទំនិញឡើង នៅខាងគេក៏ធូរថ្លៃជាងដែរ ហេតុនេះហើយយើងត្រូវសិក្សាផ្តល់ជាជម្រើស ទៅដល់អតិថិជន ដើម្បីយើងអាចបត់បែនតាមសភាពការណ៍បាន»។

សូមជម្រាបថា អង្ករកម្ពុជាជាង ៩៥% ដែលនាំចេញបានប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុ។ កំពង់ផែនេះ កំពុងពិនិត្យលទ្ធភាព បំពាក់នូវដងស្ទូចបន្ថែម និងផ្តល់ទីតាំងឃ្លាំងដែលអនុញ្ញាតឱ្យប្រមូលផ្តុំអង្ករមុនកប៉ាល់មកដល់ ដែលអាចផ្តល់លទ្ធភាពឱ្យកម្ពុជានាំចេញអង្កររាយ ចាប់ពី៦០០០តោន ដល់ ២០០០០តោនក្នុងមួយកប៉ាល នាពេលដ៏ខ្លីខាងមុខ​៕