(គូឡាឡាំពួ)៖ មូលនិធិរដ្ឋម៉ាឡេស៊ី 1Malaysia Development Berhad (1MDB) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន១០ បានប្តឹងអ្នកស្រី រ៉ូម៉ាស ម៉ាន់ស័រ (Rosmah Mansor) ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ពីបទប្រើលុយខុសច្បាប់ទិញទំនិញប្រណីតតម្លៃ ៣៤៦លានដុល្លារអាមេរិក។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា នៅក្នុងពាក្យបណ្ដឹងរដ្ឋប្បវេណីដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើមបណ្តឹងបានចោទប្រកាន់អ្នកស្រី Rosmah ថាបានប្រើប្រាស់មូលនិធិរបស់ក្រុមហ៊ុនទាំងនេះដើម្បីទិញទំនិញប្រណិតនានា រួមមានគ្រឿងអលង្ការ នាឡិកា និងកាបូប។

ដើមបណ្តឹងទាំងនេះបានអះអាងថា អ្នកស្រី Shabnam Naraindas Daswani ចុងចោទទីពីរដែលមានឈ្មោះក្នុងពាក្យបណ្ដឹងបានទិញ ឬបានធ្វើលទ្ធកម្មក្នុងនាមអ្នកស្រី Rosmah។

មូលនិធិពី 1MDB និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនត្រូវបានចោទប្រកាន់ថាបានធ្វើចរាចរសាច់ប្រាក់តាមរយៈអង្គភាពនានានៅក្រៅប្រទេស ហើយបានធ្វើការទូទាត់តាមរយៈប្រតិបត្តិការចំនួន៣២០ ទៅឱ្យអ្នកលក់ចំនួន៤៨ នៅទូទាំងយុត្តាធិការចំនួន១៤ ដើម្បីទិញទំនិញប្រណីត នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Star របស់ប្រទេសម៉ាឡេស៊ី។

ដើមបណ្តឹងបាននិយាយថា ការទូទាត់ប្រាក់ទាំងនេះមានចំនួន ៣៤៦លានដុល្លារ។ បណ្តឹងនេះគ្រោងនឹងចាត់ការនៅថ្ងៃទី២៤ ខែឧសភា។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក ណា ជីប និងភរិយារបស់គាត់មានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយដែលមានតម្លៃរាប់ពាន់លានដុល្លារពីមូលនិធិ 1MDB៕