(បាងកក)៖ ប្រទេសថៃនិងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ក្នុងស្រុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមេសា រវាងសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុថៃ (Thai Fintech Association) និងសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុអូស្រ្តាលី (FinTech Australia)។

លោក Brian Collins អនុប្រធានសមាគម FinTech Australia ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងថា ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញឱកាសរីកចម្រើនដ៏ធំសម្រាប់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងស្រុករបស់អូស្ត្រាលី។

លោកមានប្រសាសន៍ថា៖ «ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍តំណាងឱ្យឱកាសរីកចម្រើនដ៏ធំមួយ សម្រាប់វិស័យ fintech ក្នុងស្រុករបស់យើង។ វាជាផ្នែកមួយនៃពិភពលោក ដែលសមាជិកជាច្រើនរបស់យើងបានសម្តែងការចាប់អារម្មណ៍ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងទម្រង់ផ្សេងៗយ៉ាងឆាប់រហ័ស»។ លោកបានបន្ថែមថា៖ «យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយសមាគម Fintech របស់ថៃដើម្បីធ្វើឱ្យប្រសើរឡើង នូវលទ្ធផលសម្រាប់ប្រទេសទាំងពីរ»

លោក Chonladet Khemaratna ប្រធានសមាគម Fintech ថៃបានថ្លែងថា ប្រទេសថៃកំពុងក្លាយជាមជ្ឈមណ្ឌល សម្រាប់នវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកមានប្រសាសន៍ថា៖ «សមាគម Fintech របស់ថៃសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភាពជាដៃគូជាមួយ FinTech Australia ដោយទទួលស្គាល់សក្ដានុពលកំណើនយ៉ាងខ្លាំង នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ យើងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ FinTech Australia ដើម្បីប្រើប្រាស់ភាពខ្លាំងរៀងៗខ្លួនរបស់យើង និងលើកកំពស់លទ្ធផលសម្រាប់ប្រព័ន្ធអេកូឡូស៊ី Fintech ក្នុងតំបន់ទាំងពីរ»

អ្នកស្រី Angela Macdonald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសថៃ បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសថៃ គឺជាផ្នែកមួយនៃការរីកលូតលាស់លឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។អ្នកស្រីបានបន្ថែមថា៖ «គួបផ្សំជាមួយនឹងទិដ្ឋភាព fintech ដ៏គួរឱ្យរំភើបនិងស្វាហាប់របស់ប្រទេសអូស្ត្រាលី ភាពជាដៃគូនេះគឺជាជំហានដ៏គួរឱ្យស្វាគមន៍មួយ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលជាមួយប្រទេសថៃ»