(កាន់ថូ)៖ ការនាំចេញអង្កររបស់វៀតណាមមានកំណើនគួរឱ្យកត់សម្គាល់បើគិតទាំងបរិមាណ និងប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងដោះស្រាយការលំបាកផ្នែកពាណិជ្ជកម្មដើម្បីជួយសម្រួលដល់ការនាំចេញអង្ករសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមកាសែតវៀតណាម Vietnam News។

កាសែត Vietnam News បានរាយការណ៍ថា ក្រសួងបានរៀបចំសន្និសីទកាសែតនៅទីក្រុងកាន់ថូកាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃការនាំចេញអង្កររបស់វៀតណាមក្នុងឆ្នាំ២០២៣ និងនៅត្រីមាសទី១ ឆ្នាំ២០២៤ ព្រមទាំងដើម្បីនាំផ្លូវការនាំចេញអង្កររបស់វៀតណាមសម្រាប់ឆ្នាំនេះ។

យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករជាង ២,១៨លានតោនក្នុងតម្លៃ ១,៤៣ពាន់លានដុល្លារ កើនឡើង ១៧,៦ភាគរយ និង ៤៥,៥ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញអង្កររបស់វៀតណាមបានបន្តដំណើរការល្អនៅក្នុងទីផ្សារសំខាន់ៗដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាមួយនឹងកំណើននាំចេញខ្ពស់រហូតដល់ពីរខ្ទង់ទៅកាន់ទីផ្សារទាំងនេះ។ ហ្វីលីពីននៅតែជាអតិថិជនទិញអង្ករធំជាងគេរបស់វៀតណាមដែលស្មើនឹង ៤៥,៥ភាគរយនៃចំណូលនាំចេញអង្កររបស់វៀតណាម។

លោក Nguyen Anh Son ប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមត្រូវបានដកស្រង់សម្ដីដោយកាសែត Vietnam News ថា ខណៈដែលទីផ្សារអង្ករពិភពលោកឆ្នាំ២០២៣ ប្រឈមនឹងផលវិបាកជាច្រើន រដ្ឋាភិបាល ក្រសួង និងទីភ្នាក់ងារផ្សេងទៀតបានអនុវត្តដំណោះស្រាយយ៉ាងឆាប់រហ័សដើម្បីសម្រួលដល់ការនាំចេញ ដូចជាការផ្តល់ព័ត៌មានអំពីទីផ្សារ និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសនាំចូលអង្ករជាដើម៕