(តូក្យូ)៖ ប្រាក់យ៉េនបានធ្លាក់ចុះថ្លៃដល់កម្រិតទាបថ្មីក្នុងរយៈពេល ៣៤ឆ្នាំធៀបនឹងប្រាក់ដុល្លារ និង ១៦ឆ្នាំធៀបនឹងប្រាក់អឺរ៉ូនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលវិនិយោគិនរំពឹងថា កិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុននឹងមិនមានការចាត់វិធានការគាំទ្ររូបិយប័ណ្ណជប៉ុននេះឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មួយថ្ងៃមុននេះ ការឡើងថ្លៃប្រាក់ដុល្លារបានទម្លុះកម្រិតអត្រាប្តូរប្រាក់យ៉េនដោយជួញដូរក្នុងតម្លៃ ១៥៥យ៉េនក្នុងមួយដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០ បន្ទាប់ពីអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណទាំងពីរនេះប្រែប្រួលតិចតួចក្នុងរយៈពេលជាច្រើនថ្ងៃ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រាក់ដុល្លារបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣៤ឆ្នាំគឺ ១៥៥,៧៤យ៉េនក្នុងមួយដុល្លារ ហើយជាចុងក្រោយឡើងថ្លៃ ០,២ភាគរយនៅពេលបិទការជួញដូរដោយធ្លាក់ចុះមកនៅត្រឹម ១៥៥,៦២យ៉េនក្នុងមួយដុល្លារវិញ។

អ្នកនៅក្នុងទីផ្សារមួយចំនួនមើលឃើញថា កម្រិតអត្រាប្តូរប្រាក់ ១៥៥យ៉េនគឺជាបន្ទាត់ព្រំដែនមួយដែលនឹងជំរុញឱ្យអាជ្ញាធរក្រុងតូក្យូចាត់វិធានការ។ ប្រាក់អឺរ៉ូបានឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេល ១៦ឆ្នាំដោយជួញដូរក្នុងអត្រា ១៦៦,៩៨យ៉េនក្នុងមួយអឺរ៉ូ ហើយចុងក្រោយបានឡើងថ្លៃ ០,៤៥ភាគរយដែលនាំឱ្យការជួញដូរធ្លាក់ចុះមកនៅត្រឹម ១៦៦,៩៥យ៉េនវិញ។

លោក Athanasios Vamvakidis ប្រធានពិភពលោកផ្នែកយុទ្ធសាស្រ្តទីផ្សារប្តូរប្រាក់នៃក្រុមហ៊ុន BofA ត្រូវបានដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មានរ៉យទ័រថា អាជ្ញាធរជប៉ុន «ស្ថិតក្នុងស្ថានភាពលំបាក» ។ លោកមានប្រសាសន៍ថា៖ «ប្រសិនបើពួកគេមិនធ្វើអន្តរាគមន៍ទេ ការដែលកើនឡើងហួសកម្រិត ១៥៥យ៉េនអាចទាក់ទាញលំហូរបែកកេងចំណេញ ខណៈដែលទីផ្សាររំពឹងថានឹងមានការធ្វើអន្តរាគមន៍»។

លោកបានបន្ថែមថា៖ «ប្រសិនបើពួកគេទិញប្រាក់យ៉េន សម្ពាធនៅតែអាចកើនឡើងដោយសារតែវិនិយោគិនជាច្រើនកំពុងរង់ចាំការធ្វើអន្តរាគមន៍ដើម្បីលក់រូបិយប័ណ្ណជប៉ុនចេញ»។ លោកបានលើកឡើងថា ប្រាក់យ៉េនអាចឡើងថ្លៃដល់ ១៦០ ទោះបីជាមានអន្តរាគមន៍ក៏ដោយ៕