(ហូជីមិញ)៖ វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់ប្រទេសសិង្ហបុរីជាលើកដំបូងបើគិតជាតម្លៃដោយមានចំណែកទីផ្សារ ៣២% នៅក្នុងត្រីមាសទីមួយបន្ទាប់មកគឺប្រទេសឥណ្ឌា និងថៃ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា សហគ្រាស Enterprise Singapore ដែលជាអង្គភាពសម្របសម្រួលពាណិជ្ជកម្មស្ថិតក្រោមក្រសួងពាណិជ្ជកម្មសិង្ហបុរីបានឱ្យដឹងថា ការនាំចូលសរុបរបស់ប្រទេសដីកោះមួយនេះមានតម្លៃជិត ១១២,៩លានដុល្លារសិង្ហបុរី (៨២,៩លានដុល្លារ) កើនឡើង ២៣,៨៦% នៅត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

ប្រទេសវៀតណាមមានចំណែក ៣៦,១៥លានដុល្លារសិង្ហបុរីបន្ទាប់ពីបានការកើនឡើង ៨០,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសឥណ្ឌាមាន ៣៣,៦៣លានដុល្លារសិង្ហបុរី និងថៃ ៣៣,១៦លានដុល្លារសិង្ហបុរី។

អង្ករវៀតណាមបានក្លាយជាអង្ករពេញនិយមនៅក្នុងប្រទេសសិង្ហបុរីដោយសារភាពសម្បូរបែបរបស់អង្ករនិងងាយស្រួលរកទិញ។ ក្រៅពីអង្ករសដែលមានគុណភាពខ្ពស់ វៀតណាមក៏មានចំណែក ៨០% នៃទីផ្សារអង្ករដំណើប និង ៧៣,៣% នៃទីផ្សារអង្ករក្រអូបរបស់សិង្ហបុរីផងដែរ។

ថៃ ឥណ្ឌា និងជប៉ុនគឺជាគូប្រជែងធំបំផុតរបស់វៀតណាម។ ដើម្បីរក្សាតំណែងរបស់វៀតណាមក្នុងនាមជាអ្នកផ្គត់ផ្គង់អង្ករកំពូលរបស់សិង្ហបុរី ក្រុមហ៊ុនវៀតណាមត្រូវបង្កើនការផ្សព្វផ្សាយនិងការធ្វើទីផ្សារ ព្រមទាំងរក្សាគុណភាពផលិតផលរបស់ពួកគេឱ្យខ្ពស់ជាប់លាប់ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរី។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសិង្ហបុរី ដើម្បីបង្កើនការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរីក៏នឹងក្លាយជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពផងដែរ៕