(តូក្យូ)៖ ធនាគារកណ្តាលជប៉ុន បានឱ្យដឹងនៅក្នុងរបាយការណ៍ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ កាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារនានានៅប្រទេសជប៉ុន បានបង្កើនភាពធន់របស់ខ្លួន ទៅនឹងការដំឡើងអត្រាការប្រាក់ តាមរយៈការធ្វើឱ្យមានតុល្យភាពឡើងវិញ នូវផលប័ត្រមូលបត្របំណុលក្នុងស្រុក ប៉ុន្តែការកើនឡើងការប្រឈម ទៅនឹងអចលនទ្រព្យអាចបង្កឱ្យមានហានិភ័យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការវិភាគចុងក្រោយអំពីហានិភ័យ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដោយធនាគារកណ្តាលជប៉ុន បានកើតឡើងបន្ទាប់ពីធនាគារកណ្តាល កាលពីខែមុនបានបញ្ចប់អត្រាការប្រាក់អវិជ្ជមាន ដែលស្ថិតជាធរមានអស់រយៈពេលប្រាំបីឆ្នាំ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់របាយការណ៍ពាក់កណ្តាលឆ្នាំនេះថា ធនាគារកណ្តាលបានឱ្យដឹងថា ធនាគារគ្រប់ប្រភេទបានកាត់បន្ថយរយៈពេល កាន់កាប់មូលបត្របំណុលជាប្រាក់យ៉េនរបស់ពួកគេ ដោយកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងអត្រាការប្រាក់ ជាពិសេសអត្រាការប្រាក់មូលបត្របំណុលរយៈពេលវែង។

ធនាគារកណ្តាលបានឱ្យដឹងទៀតថា ការចំណាយលើការទទួលបានឥណទាន របស់ធនាគារទាំងនេះ នៅតែធ្លាក់ចុះទោះបីជាមានការកើនឡើងចំនួនក្ស័យធន របស់ក្រុមហ៊ុនដោយកង្វះកម្លាំងពលកម្មក៏ដោយ ពីព្រោះក្រុមហ៊ុនខ្នាតតូចមានចំណែកច្រើនលើសលប់ នៃការក្ស័យធនក្នុងពេលថ្មីៗនេះ។

របាយការណ៍ដដែលក៏បានកត់សម្គាល់ផងដែរថា បើមើលលើចក្ខុវិស័យម៉ាក្រូ សេដ្ឋកិច្ចដែលកំពុងប្រសើរឡើង និងការកើនឡើងអត្រាការប្រាក់អាចរំពឹងថា នឹងនាំទៅរកភាពប្រសើរឡើងនៃប្រាក់ចំណូលគ្រួសារ និងតុល្យភាពពាក់ព័ន្ធនឹងអត្រាការប្រាក់។

របាយការណ៍នេះបានបន្តថា ជារួមធនាគារនៅប្រទេសជប៉ុនមានដើមទុនគ្រប់គ្រាន់ និងមានមូលដ្ឋានមូលនិធិប្រកបដោយស្ថិរភាព ដើម្បីទប់ទល់នឹងភាពតានតឹងផ្សេងៗ។ ក្នុងចំណោមហានិភ័យដែលអាចកើតមាន ធនាគារកណ្តាលជប៉ុនបានលើកឡើងពីហានិភ័យ ដែលកំពុងកើនឡើងរបស់ធនាគារទាំងនេះ ទាក់ទងនឹងអចលនទ្រព្យ ដែលកើតមានជាពិសេសនៅក្នុងតំបន់ទីក្រុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕