(បាងកក)៖ ប្រទេសថៃបានដាក់ពាក្យស្នើសុំចូលរួមជាសមាជិក របស់អង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដោយសង្ឃឹមថា ឋានៈជាសមាជិករបស់អង្គការនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Parnpree Bahiddha-Nukara បានដាក់លិខិតបង្ហាញឆន្ទះ (letter of intent) មួយច្បាប់កាលពីថ្ងៃអង្គារ ទៅកាន់លោក Mathias Cormann អគ្គលេខាធិការអង្គការ OECD នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ប្រទេសបារាំង ដែលបង្ហាញបំណងរបស់ប្រទេសថៃ ក្នុងការក្លាយជាសមាជិករបស់អង្គការនេះ។

លោក Parnpree ក៏បានថ្លែងសុន្ទរកថា បញ្ជាក់ពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសថៃ ក្នុងការក្លាយជាសមាជិករបស់អង្គការ OECD ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសថៃមានតម្លៃ និងគោលដៅរួមដូចទៅនឹងសមាជិកដទៃទៀត របស់អង្គការ OECD ជាពិសេសលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស សេដ្ឋកិច្ចទីផ្សារបើកចំហនិងសេរី និរន្តរភាព បរិយាបន្ន និងការខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្លាស់ប្តូរបៃតង។

លោកក៏បានលើកឡើង ពីការចូលរួមពាក់ព័ន្ធរបស់ប្រទេសថៃ ក្នុងការធ្វើការងារជាមួយអង្គការ OECD ក្នុងរយៈពេល ៤២ឆ្នាំមកនេះ និងបំណងប្រាថ្នារយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាសេដ្ឋកិច្ចរីកចម្រើននៅឆ្នាំ២០៣៧។

អង្គការ OECD ដែលមានសមាជិកចំនួន ៣៨ប្រទេស ដើរតួនាទីយ៉ាងសំខាន់ក្នុងអភិបាលកិច្ចអន្តរជាតិទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រឆាំងអំពើពុករលួយ ការអប់រំ ការច្នៃប្រឌិត បរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕