(បេងហ្គាលូរូ)៖ ប្រតិបត្តិករទូរគមនាគមន៍ស្រីលង្កា Dialog Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Axiata Group របស់ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រតិបត្តិការ ទូរគមនាគមន៍ Airtel Lanka របស់ក្រុមហ៊ុន Bharti Airtel នៅប្រទេសស្រីលង្កា។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងជិតមួយឆ្នាំបន្ទាប់ពីបានប្រកាស អំពីការច្របាច់បញ្ចូលគ្នា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Dialog Axiata នឹងទិញភាគហ៊ុន ១០០ភាគរយនៅក្នុងក្រុមហ៊ុន Airtel Lanka ដោយផ្តល់ជូនក្រុមហ៊ុន Bharti Airtel ដែលកាន់ក្រុមហ៊ុន Airtel Lanka នូវភាគហ៊ុន ១០,៤ភាគរយនៅក្នុងក្រុមហ៊ុន Dialog Axiata។

ក្រុមហ៊ុន Airtel Lanka គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍ នៅប្រទេសស្រីលង្កា របស់ក្រុមហ៊ុន Bharti Airtel របស់ប្រទេសឥណ្ឌា។

ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់តាមរយៈការដោះដូរជាភាគហ៊ុននេះ នឹងត្រូវវាយតម្លៃដោយស្ថាប័នឯករាជ្យ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត ដោយនិយតករទូរគមនាគមន៍ របស់ប្រទេសស្រីលង្កា ប៉ុន្តែមិនទាន់ត្រូវបានបញ្ចប់នីតិវិធីដោយម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន Dialog Axiata និងផ្សារហ៊ុនកូឡំបូនៅឡើយទេ។

ក្រុមហ៊ុន Airtel Lanka បានឱ្យដឹងនៅក្នុងឯកសារដាក់ជូនផ្សារហ៊ុនថា ខ្លួនបានរួមចំណែកត្រឹមតែ ០,២ភាគរយប៉ុណ្ណោះនៃប្រាក់ចំណូលរួម របស់ក្រុមហ៊ុន Bharti Airtel ក្នុងឆ្នាំសារពើពន្ធ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕