(ភ្នំពេញ)៖ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានថ្លែងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរជាង ១០០ក្រុមហ៊ុន មិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ឡើយ ឯក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មានប្រមាណ ២០ក្រុមហ៊ុនប៉ុណ្ណោះ ដូចគ្នាចំពោះក្រុមហ៊ុនដែលមិនមានច្បាប់ត្រឹមត្រូវ តែងតែយកសេវាដឹកជញ្ជូន ពីប្រជាពលរដ្ឋមានតម្លៃថ្លៃជាង ក្រុមហ៊ុនដែលស្របច្បាប់។

ការលើកឡើងរបស់លោកបណ្ឌិត ឆឹម ចំណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការឡើងថ្លៃដឹកអ្នកដំណើរ ក្នុងឱកាសបុណ្យទាន និងស្ថានភាពអាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ»

លោកបណ្ឌិត ឆឹម ចំណាន បានថ្លែងថា «តាមរយៈការរកឃើញរបស់ក្រសួងបានបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមានក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើរប្រមាណ ១០០ទីតាំងផ្សេងគ្នា ពុំបានចុះបញ្ជីត្រឹមត្រូវពីនោះឡើយ ចំណែកក្រុមហ៊ុនដែលមានច្បាប់ និងចុះបញ្ជីត្រឹមត្រូវមានប្រមាណ ២០ក្រុមហ៊ុនប៉ុណ្ណោះ»

លោកបណ្ឌិតបញ្ជាក់ថា ក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនមិនមានច្បាប់ ការដឹកជញ្ជូនមានតម្លៃខុសគ្នា។ សម្រាប់ក្រុមហ៊ុនស្របច្បាប់តម្លៃដឹកជញ្ជូន ពីភ្នំពេញទៅកាន់ខេត្តសៀមរាបមានតម្លៃចន្លោះ ៤៥០០០រៀល លើសនេះតិចតួច ឬថយជាងនេះតិចតួច ប៉ុន្ដែសម្រាប់ក្រុមហ៊ុនដែលមិនស្របច្បាប់វិញ តម្លៃដឹកជញ្ជូនមាន​ចន្លោះ ៦០០០០រៀល។

លោកបណ្ឌិតបន្ដថា ការយកតម្លៃថ្លៃនៃក្រុមហ៊ុនដឹកញ្ជូនមិនស្របច្បាប់នេះ ដោយសារតែពួកគាត់ត្រូវយកប្រាក់ ដែលលក់បានយកមកចែកគ្នា​ កត្តាទាំងនេះហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិនស្របច្បាប់មានច្រើន និងអាចឈរជើងបានយូរ។

លោកបណ្ឌិត ឆឹម ចំណាន បានបន្ថែមថា ប្រជាពលរដ្ឋដែលប្រើប្រាស់ ក្រុមហ៊ុនដឹកជញ្ជូនមិនស្របច្បាប់ភាគច្រើន គឺមកពីបណ្ដាខេត្ត ពុំសូវយល់ច្បាស់ អំពីក្រុមហ៊ុនដឹកជញ្ជូន និងពុំដឹងថា ក្រុមហ៊ុនមួយណាស្របច្បាប់ ក្រុមហ៊ុនមួយណាមិនស្របច្បាប់នោះឡើយ ប៉ុន្ដែចំពោះអ្នកមួយចំនួនទៀតបានយល់ដឹង និងប្រើប្រាស់ក្រុមហ៊ុន ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។

លោកបណ្ឌិតបានបញ្ជាក់ថា ហេតុអ្វីបានជាត្រូវប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនស្រប់ច្បាប់? ប្រជាពលរដ្ឋចំណាយប្រាក់ ៤៥០០០រៀល ឬ៥០០០០រៀល អ្នកដំណើរនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការធ្វើដំណើរមានពេលទៀតទាត់, មានការធានារ៉ាប់រង, សេវាកម្មល្អ, រថយន្ដមានផាសុខភាព, ផ្ដល់សុវត្ថិភាពតាមដងផ្លូវ, អ្នកបើកបររថយន្ដមានវិជ្ជាជីវៈត្រឹមត្រូវ, មិនរកប្រាក់ចំណូលផ្សេង តាមរយៈការដាក់កៅអីជ័រទទួលភ្ញៀវ តាមដងផ្លូវជាដើម។

លោកបណ្ឌិតបន្ថែមថា សម្រាប់ក្រុមហ៊ុនដែលមិនបានចុះបញ្ជីត្រឹមត្រូវ មិនបានបម្រើសេវាកម្ម ឬធានានូវសុខសុវត្ថិភាពដល់អតិថិជន ដូចក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់នោះឡើយ៕