(ញូវយ៉ក)៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing បានឱ្យដឹងក្នុងឯកសារមូលបត្រ នៅចុងសប្តាហ៍មុនថា នាយកប្រតិបត្តិរបស់ខ្លួនបានទទួលអត្ថប្រយោជន៍ការងារសរុប ៣៣ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែលោកបានបដិសេធទទួលយកប្រាក់រង្វាន់ ២,៨លានដុល្លារផ្សេងទៀត ដោយសារឧប្បត្តិហេតុរបើកទ្វារយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines កាលពីខែមករា។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក David Calhoun នាយកប្រតិបត្តិក្រុមហ៊ុន Boeing ដែលគ្រោងនឹងលាឈប់ពីតំណែងនៅចុងឆ្នាំ២០២៤ បានទទួលប្រាក់បៀវត្សរ៍គោលចំនួន ១,៤លានដុល្លារអាមេរិក និងរង្វាន់ជាភាគហ៊ុនដែលមានតម្លៃជាង ៣០លានដុល្លារ។

សេចក្តីប្រកាសនេះដែលបានធ្វើឡើង នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Boeing កើតឡើងនៅពេលដែលក្រុមហ៊ុនប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ជុំវិញឧបទ្ទវហេតុកាលពីថ្ងៃទី៥ ខែមករា ដែលយន្តហោះ 737 MAX 9 បានបង្ខំចុះចតជាបន្ទាន់បន្ទាប់ពីទ្វារយន្តហោះ ដែលបិទចោលបានរបើកចេញ ក្នុងពេលកំពុងហោហើរ។

ក្រុមហ៊ុន Boeing បានឱ្យដឹងថា៖ «បន្ទាប់ពីឧបទ្ទវហេតុដែលកើតមាន ចំពោះក្រុមហ៊ុន Alaska Airlines លោក Calhoun បានបដិសេធឱ្យមានការពិចារណា ផ្តល់ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ ហើយក្រុមប្រឹក្សាភិបាលបានគោរពសំណើនោះ»។

កាលថ្ងៃទី២៥ ខែមីនា ក្រុមហ៊ុន Boeing បានប្រកាសថា លោក Calhoun នឹងលាលែងពីតំណែងជានាយកប្រតិបត្តិនៅចុងឆ្នាំនេះ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំ ខណៈពេលដែលក្រុមហ៊ុនកំពុងស្វែងរក អ្នកជំនួសលោក Calhoun។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕