(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao បាននិយាយនៅក្នុងកិច្ចពិភាក្សាតុមូលមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិនមិនពឹងផ្អែកលើការឧបត្ថម្ភធនដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចិនដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា លោក Wang ក៏បាននិយាយផងដែរថា ការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបអំពី «សមត្ថភាពលើសតម្រូវការ» របស់ប្រទេសចិនមិនមានមូលដ្ឋានទេ។

លោក Wang បានធ្វើការកត់សម្គាល់ទាំងនេះនៅក្នុងកិច្ចប្រជុំតុមូលមួយស្តីពីក្រុមហ៊ុនចិន ជាទីដែលលោកពិភាក្សាអំពីការនាំចេញរថយន្តអគ្គិសនីរបស់ប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប។ តំណាងក្រុមហ៊ុនសហគ្រាសជាង ១០បានចូលរួមក្នុងកិច្ចប្រជុំនេះដូចជាក្រុមហ៊ុន Geely ក្រុមហ៊ុន BYD និងក្រុមហ៊ុន CATL។

លោក Wang បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិនពឹងផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យាជាបន្តបន្ទាប់ ប្រព័ន្ធផលិតកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ល្អឥតខ្ចោះ និងការប្រកួតប្រជែងទីផ្សារពេញលេញសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយមិនពឹងផ្អែកលើការឧបត្ថម្ភធនដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងទេ»។

លោកបានបន្ថែមថា៖ «ការចោទប្រកាន់របស់សហរដ្ឋអាមេរិកនិងអឺរ៉ុប និងប្រទេសផ្សេងទៀតអំពី “សមត្ថភាពលើសតម្រូវការ” គ្មានមូលដ្ឋានឡើយ»៕