(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកអ្នកស្រី Janet Yellen បានរំឭកចិនកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបណ្តោយឱ្យឧស្សាហកម្មថ្មីៗទទួលរងការបំផ្លាញដោយសារទំនិញនាំចូលរបស់ចិនទេ ខណៈដែលអ្នកស្រីបានបញ្ចប់ដំណើរទស្សកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសចិន។

អ្នកស្រី Yellen ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនអនុញ្ញាតឱ្យមានការកើតឡើងជាថ្មីនូវបញ្ហាដូចដែលធ្លាប់កើតមាននៅដើមទសវត្សរ៍ឆ្នាំ២០០០ ឡើយនៅពេលដែលលំហូរទំនិញនាំចូលរបស់ចិនបានបំផ្លាញការងារផលិតកម្មរបស់អាមេរិកប្រហែល ២លានកន្លែង។

ទោះជាយ៉ាងណា អ្នកស្រីមិនបានគំរាមកំហែងដកហូតពន្ធគយថ្មីណាមួយ ឬចាត់វិធានការពាណិជ្ជកម្មផ្សេងទៀតទេ ប្រសិនបើទីក្រុងប៉េកាំងបន្តការគាំទ្ររដ្ឋដ៏លើសលុបរបស់ខ្លួនដល់ផលិតកម្មរថយន្តអគ្គិសនី (EVs) អាគុយ ផ្ទាំងថាមពលស្រូបពន្លឺព្រះអាទិត្យ និងទំនិញថាមពលបៃតងផ្សេងទៀត។

អ្នកស្រី Yellen បានប្រើដំណើរទស្សនកិច្ចលើកទីពីររបស់អ្នកស្រីទៅកាន់ប្រទេសចិនក្នុងរយៈពេល ៩ខែដើម្បីត្អូញត្អែរដាក់ប្រទេសចិនថា ការវិនិយោគលើសលុបរបស់ទីក្រុងប៉េកាំងបានបង្កើនសមត្ថភាពរោងចក្រលើសពីតម្រូវការក្នុងស្រុក ខណៈដែលការនាំចេញផលិតផលទាំងនេះកើនឡើងយ៉ាងឆាប់រហ័ស ដែលគំរាមកំហែងដល់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកស្រីបានថ្លែងថា វេទិកាផ្លាស់ប្តូរយោបល់ដែលទើបបង្កើតថ្មីមួយដើម្បីពិភាក្សាអំពីបញ្ហាសមត្ថភាពលើសតម្រូវការនេះនឹងត្រូវការពេលវេលាដើម្បីឈានដល់ដំណោះស្រាយនានា។

អ្នកស្រី Yellen បានលើកឡើងពីការឈឺចាប់នៅក្នុងវិស័យដែកថែបរបស់សហរដ្ឋអាមេរិកកាលពីអតីតកាល ដោយមានប្រសាសន៍ថា៖ «យើងបានមើលឃើញរឿងនេះពីមុនមក។ កាលជាងមួយទសវត្សរ៍មុន ការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដ៏ច្រើនបាននាំឱ្យដែកថែបរបស់ចិនដែលមានតម្លៃទាបជាងថ្លៃដើមជន់លិចទីផ្សារពិភពលោក និងបានបំផ្លាញឧស្សាហកម្មនានានៅទូទាំងពិភពលោក និងនៅសហរដ្ឋអាមេរិក»

អ្នកស្រី Yellen បានបន្ថែមថា៖ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា លោកប្រធានាធិបតី Biden និងខ្ញុំ នឹងមិនទទួលយករឿងនេះម្តងទៀតទេ»