(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវបរិយាកាសវិនិយោគ។

ជំនួបនេះផងដែរមានវត្តមាន ចូលរួមពីលោក សុខ ពិសិដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា និងផ្តល់យោបល់លើស្ថានភាពពន្ធ និងអាករ និងបរិយាកាសវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ និង សមាជិក សមាជិកានៃក្រុមការងារចំពោះកិច្ច។

ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅពង្រឹងបន្ថែម កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើងថែមទៀត តាមរយៈការបន្តពង្រឹងនិងសម្រួល កិច្ចការធុរកិច្ច (Ease of Doing Business) និងបង្កើនការទាក់ទាញវិនិយោគិន សហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ស្របតាមលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំលើកទី៥៤ ព្រមទាំងការចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា និងជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនបារាំងនានា។

រដ្ឋមន្ត្រីប្រតិភូ និងឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើវិស័យពន្ធដារ នារយៈពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀត ក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ ពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីយន្តការ ដែលបាននិងកំពុងអនុវត្តបច្ចុប្បន្ន និងយន្តការក្នុងការដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានារបស់វិនិយោគិន មកពីប្រទេសបារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប។

កិច្ចប្រជុំនេះ បានបញ្ចប់ដោយទទួលបានលទ្ធផលជាទីមោទនៈ ក្រោមស្មារតីកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ៕