(គ័ងចូវ)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានឱ្យដឹងនៅថ្ងៃសុក្រថា សេដ្ឋកិច្ចចិនមានទំហំធំពេក ដែលមិនអាចយកការនាំចេញរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកើនឡើងឆាប់រហ័សឡើយ ហើយចិននឹងទទួលបានអត្ថប្រយោជន៍ ពីការកាត់បន្ថយសមត្ថភាពឧស្សាហកម្មលើសកម្រិត ដែលកំពុងដាក់សម្ពាធលើប្រទេសផ្សេងទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការថ្លែងរបស់អ្នកស្រី Yellen ធ្វើឡើងក្នុងសុន្ទរកថា ថ្លែងទៅកាន់សភាពាណិជ្ជកម្មអាមេរិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន។ ក្នុងសុន្ទរកថានោះ លោកស្រីដឹងថា ការគាំទ្រដោយផ្ទាល់ និងដោយប្រយោលរបស់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដល់ផលិតកម្មត្រូវបានផ្សារភ្ជាប់ទៅនឹងគោលបំណង អភិវឌ្ឍន៍ក្នុងស្រុក។ ប៉ុន្តែអ្នកស្រីបានមានប្រសាសន៍ថា សមត្ថភាពផលិតនេះ «បច្ចុប្បន្នកំពុងនាំមុខគេ ដែលលើសតម្រូវការក្នុងស្រុក របស់ប្រទេសចិនយ៉ាងខ្លាំង និងលើសពីអ្វីដែលទីផ្សារពិភពលោក អាចទទួលបាន»

ការអត្ថាធិប្បាយរបស់អ្នកស្រី Yellen បានគូសបញ្ជាក់អំពីគោលបំណងចម្បងរបស់អ្នកស្រី នៅក្នុងកិច្ចពិភាក្សានៅពេលក្រោយមកកាលពីថ្ងៃសុក្រជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដើម្បីចង្អុលបង្ហាញពីបញ្ហា ដែលសមត្ថភាពរោងចក្រលើសចំណុះ និងការកើនឡើងការនាំចេញរបស់ប្រទេសចិន កំពុងបង្កបញ្ហានៅក្រៅប្រទេស ដែលជំរុញឱ្យមានភាពតានតឹងពាណិជ្ជកម្ម។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang) កាលពីខែមីនាបានកំណត់គោលដៅកំណើន ប្រកបដោយមហិច្ឆតាក្នុងអត្រា ៥ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលជំរុញមួយផ្នែកដោយការវិនិយោគកាន់តែច្រើន នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ថ្មីៗ ខណៈដែលប្រទេសចិនកំពុងតស៊ូជម្នះវិបត្តិអចលនទ្រព្យ និងតម្រូវការអ្នកប្រើប្រាស់ខ្សោយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បច្ចុប្បន្នបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិតរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ នឹងមានអត្រា ៤,៦ភាគរយ និងធ្លាក់ចុះមកត្រឹម ៤,១ភាគរយនៅឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា អ្នកស្រី Yellen បាននិយាយថា សមត្ថភាពផលិតលើសតម្រូវការ នៅក្នុងប្រទេសចិនគឺជាបញ្ហាកាលពីអតីតកាល ប៉ុន្តែថ្មីៗនេះវាបានបង្កើនហានិភ័យ ដែលកំពុងកើតមាននៅក្នុងវិស័យថ្មីៗដូចជារថយន្តអគ្គិសនី (EVs) អាគុយរថយន្ត និងផលិតផលថាមពលពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់អាជីវកម្មនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងប្រទេសឥណ្ឌា។

អ្នកស្រីថ្លែងទៀតថា៖ «ខ្ញុំជឿថា ការដោះស្រាយបញ្ហាសមត្ថភាពនេះ និងការពិចារណាជាទូទៅលើកំណែទម្រង់ ផ្អែកលើទីផ្សារស្ថិតនៅក្នុងចំណាប់ អារម្មណ៍របស់ប្រទេសចិន»៕