(ហាណូយ)៖ ឧស្សាហកម្មអាកាសចរណ៍ក្នុងប្រទេសវៀតណាម បច្ចុប្បន្នកំពុងជួបប្រទះការខ្វះខាត យន្តហោះយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យតម្លៃសំបុត្រយន្តហោះឡើងថ្លៃ ជាពិសេសក្នុងរដូវក្តៅដែលមានការធ្វើដំណើរខ្ពស់ខាងមុខ។ នេះបើយោងតាមកាសែត Vietnam News។

កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់សម្ដីលោក Dinh Viet Thang នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមថា កង្វះយន្តហោះនេះកើតមានឡើង ដោយសារតែការប្រមូលម៉ាស៊ីន យកទៅជួសជុល ដែលម៉ាស៊ីនយន្តហោះទាំងនោះ ផលិតដោយក្រុមហ៊ុន Pratt & Whitney (PW) សម្រាប់ម៉ាស៊ីន PW1100 បំពាក់នៅលើយន្តហោះ Airbus A321Neo។

កាសែត Vietnam News បានរាយការណ៍ទៀតថា ការប្រមូលម៉ាស៊ីនយកទៅជួសជុលវិញ នៅទូទាំងពិភពលោកនេះ បានប៉ះពាល់ដល់ម៉ាស៊ីន ប្រហែលពី ៦០០ ទៅ ៧០០ ដែលកំពុងដំណើរការនៅទូទាំងពិភពលោក រួមទាំងម៉ាស៊ីនដែលប្រើប្រាស់ ដោយក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសវៀតណាមផងដែរ។

គិតត្រឹមថ្ងៃទី៣១ ខែមីនា យន្តហោះនៅវៀតណាមមានចំនួន ២០៥គ្រឿង ដោយក្នុងនោះមានយន្តហោះចំនួន ២៦គ្រឿងត្រូវបានដកម៉ាស៊ីន សម្រាប់ការត្រួតពិនិត្យ និងជួសជុលតាមការតម្រូវរបស់ក្រុមហ៊ុន PW ។ ការជួសជុលនេះ ត្រូវបានរំពឹងថានឹងចំណាយពេលប្រហែល ១៨ខែ ហើយដំណោះស្រាយចប់ទាំងស្រុង ចំពោះបញ្ហាម៉ាស៊ីននេះរំពឹងថានឹងចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ស្ថានភាពនេះគួបផ្សំនឹងការរៀបចំបំណុលឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បាននាំឱ្យមានការកើនឡើងតម្លៃជួលយន្តហោះ នៅទូទាំងពិភពលោក និងមានភាពខ្វះខាតយន្តហោះសម្រាប់ជួល។

លោក Thang បានប៉ាន់ប្រមាណថា កង្វះខាតយន្តហោះនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើសមត្ថភាពដឹកជញ្ជូន ចំនួនយន្តហោះ និងសមត្ថភាពផ្គត់ផ្គង់ការធ្វើដំណើរលើផ្លូវក្នុងស្រុក និងអន្តរជាតិពេញមួយឆ្នាំ២០២៤ និង២០២៥។ ក៏មានការព្យាករផងដែរថា ក្នុងកំឡុងរដូវក្តៅដែលជារដូវធ្វើដំណើរច្រើន នាពេលខាងមុខនេះនឹងមានការខ្វះខាតសមត្ថភាពផ្គត់ផ្គង់ចំនួនប្រហែល ២៤លានកៅអី។

ដើម្បីទប់ទល់នឹងការខ្វះខាតយន្តហោះនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កំពុងពន្លឿនកាលវិភាគប្រគល់យន្តហោះតួខ្លួន ទូលាយទី៣០ របស់ខ្លួន និងចរចាជាមួយក្រុមហ៊ុនជួលយន្តហោះ ដើម្បីជួលយន្តហោះសម្រាប់ប្រតិបត្តិការរយៈពេលខ្លី។ នេះបើយោងតាមកាសែត Vietnam News៕