(ភ្នំពេញ)៖ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ ត្រូវបានសហគ្រិនខ្មែរ សម្រាំង និងជ្រើសរើស ផ្តល់កញ្ចប់ជំនួយសហគ្រិនខ្មែរ ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ទាំងនោះ ស្តារ អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។

ពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព, ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ បានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

លោក ហែម វណ្ណឌី បានមានប្រសាសន៍ថាសហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋាភិបាលបានកសាង សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបន្ថែម ទៀតដោយផ្តោតជាពិសេសលើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ តាមរយៈវិធីសាស្រ្តដ៏ទូលំទូលាយដែលរួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរមានបំណង ផ្តល់ភាពអង់អាចដល់ សហគ្រាសទាំងនេះដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់និងពិភពលោក របស់ពួកគេ និងរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរ បាននឹងកំពុងអនុវត្ដកម្មវិធីជាច្រើន ដើម្បីផ្តល់ជំនួយហិរញ្ញប្បទានដោយ ផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដាខេត្ដ-ក្រុងទូទាំងប្រទេសកម្ពុជា។ ការគាំទ្រ របស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុកដូចជា ការបណ្តុះពន្លកសហគ្រិនកម្រិតវិទ្យាល័យដើម្បីចាក់ឫសវប្បធម៌ សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែងគំរូអាជីវកម្ម ការភ្ជាប់ ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីនានា។

ថ្លែងក្នុងកម្មវិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាននេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានលើកឡើងថា៖ «តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរនឹងបន្តការគាំទ្ររបស់ខ្លួនតាមរយៈការបង្កើតនូវកម្មវិធីដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ដល់សហគ្រិនដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយសហគ្រិនខ្មែរកន្លងមក។ កិច្ចការនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិននិងបង្កើនលទ្ធភាពឈរជើងនៅលើទីផ្សារបានទូលំទូលាយព្រមទាំងបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់»

សម្រាប់សហគ្រិនដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍តាមតំណភ្ជាប់ ខាងក្រោម៖ https://docs.google.com/forms/d/e/1FAIpQLSfg6ZOsW7uFQ3BQUVHVKiH7nEezUTLK4lakfKV4o0uFuwllHQ/viewform