(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បាននិយាយនៅថ្ងៃសុក្រថា ការប្រែប្រួលអត្រាប្តូរប្រាក់ហួសកម្រិតគឺជាអ្វីដែលមិនចង់បាន ហើយលោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការសមស្របប្រឆាំងនឹងការធ្លាក់ចុះថ្លៃខ្លាំងនៃប្រាក់យ៉េន។

លោក Suzuki ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់អ្នកយកព័ត៌មាននៅពេលសួរអំពីការធ្លាក់ចុះថ្លៃប្រាក់យ៉េនថ្មីៗនេះថា៖ «វាមានសារៈសំខាន់ដែលអត្រាប្តូររូបិយប័ណ្ណប្រែប្រួលក្នុងកម្រិតស្ថិរភាព ដែលឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះ។ ភាពប្រែប្រួលខ្លាំងពេកគឺជាអ្វីដែលមិនចង់បាន។ យើងកំពុងសម្លឹងមើលការប្រែប្រួលទីផ្សារជាមួយនឹងការត្រៀមខ្លួនខ្ពស់»

លោកមានប្រសាសន៍ថា៖ «ជំហររបស់យើងមិនផ្លាស់ប្តូរទេដោយយើងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណលើសលប់ ដោយមិនបដិសេធជម្រើសណាមួយឡើយ»

ប្រាក់ដុល្លារបានធ្លាក់ចុះដល់កម្រិតទាបរយៈពេលពីរសប្តាហ៍ដោយជួញដូរក្នុងតម្លៃ ១៥០,៩៥យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីមានការព្រមានជាពាក្យសំដីម្តងហើយម្តងទៀតដោយអាជ្ញាធរជប៉ុនក្នុងការធ្វើអន្តរគមន៍លើអត្រាប្តូរប្រាក់នេះ។

ប្រាក់យ៉េនបានធ្លាក់ចុះថ្លៃដល់កម្រិតទាបរយៈពេល ៣៤ឆ្នាំដោយជួញដូរក្នុងអត្រា ១៥១,៩៧៥យ៉េនក្នុងមួយដុល្លារកាលពីសប្តាហ៍មុន។
ភ្លាមៗបន្ទាប់ពីប្រាក់យ៉េនបានធ្លាក់ចុះថ្លៃដល់កម្រិតទាបរយៈពេល ៣៤ឆ្នាំកាលពីថ្ងៃពុធសប្តាហ៍មុន លោក Suzuki បាននិយាយថា អាជ្ញាធរបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕