(ភ្នំពេញ)៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៉ី ចំកាត់ ហៅកាត់ថា ធនាគារ ABA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៣ ធនាគារដែលមានមូលដ្ឋាន មកពីប្រទេសកាណាដាមួយនេះ មានប្រាក់ចំណេញសុទ្ធ (បង់ពន្ធរួច) ចំនួន ២៧៦ ៤៨១ ៦៦៨ ដុល្លារអាមេរិក កើនឡើង ៥.៤ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រាក់ចំណេញសុទ្ធចំនួន ២៦២ ២៧៨ ២៣៧ ដុល្លារអាមេរិក។

នៅឆ្នាំ២០២៣ ធនាគារនេះបានបង់ពន្ធជូនរដ្ឋប្រមាណ ៧០លានដុល្លារអាមេរិក។

បើតាមរបាយការណ៍ នៅឆ្នាំ២០២៣ ប្រភពចំណូលរបស់ ABA រួមមាន៖ ចំណូលបានពីការប្រាក់ ចំនួន ៥០៦ ៥៣១ ៣៧៣ ដុល្លារអាមេរិក កើនឡើង៥.៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៤៧៩ ២៥៧ ២០៦ដុល្លារអាមេរិក, ចំណូលពីកម្រៃជើងសារចំនួន ៤២ ២៥៩ ៨៩៩ ដុល្លារអាមេរិក និងចំណូលប្រតិបត្តិការផ្សេងៗចំនួន ១១ ៤០៤ ០៥១ ដុល្លារអាមេរិក។

សម្រាប់ទ្រព្យសកម្មរបស់ ABA គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១១ ៤៨៣ ២១២ ៧១៥ ដុល្លារអាមេរិក មានកំណើន២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានត្រឹមតែ ៩ ០៣១ ៨១៦ ៦៨១ ដុល្លារអាមេរិក។

ចំណែកទំហំឥណទាន ផ្តល់ដល់អតិថិជនមានចំនួន ៧ ៧៧២ ៣៤១ ៥១៤ ដុល្លារអាមេរិក ខណៈប្រាក់បញ្ញើរបស់អតិថិជន មានចំនួន ៩ ០២៦ ៣០៤ ៧៦៩ដុល្លារអាមេរិក។

ធនាគារ ABA បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលមានរយៈពេល២៨ ឆ្នាំ ក្នុងវិស័យធនាគារនៅកម្ពុជា ដោយបានពង្រឹងខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ដើម្បីបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។

ធនាគារនេះ ជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលមានទ្រព្យសកម្មជាង៣១៤.៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ និងមានបណ្តាញធនាគារដ៏ធំនៅទូទាំងពិភពលោក៕