(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។

ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕