(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានធ្លាក់ចុះ ២វគ្គជួញដូរជាប់ៗគ្នា ខណៈដែលវិនិយោគិនបានមើលឃើញថា ការផ្គត់ផ្គង់នឹងធ្លាក់ចុះ នៅពេលខាងមុខស្របពេលដែល អង្គការប្រទេសផលិតប្រេង OPEC+ ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តដំណើរការកាត់បន្ថយផលិតកម្ម បច្ចុប្បន្នរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែឧសភានូវប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានកើនឡើង ៩១សេន ឬ ១,១ភាគរយដល់ ៨៧ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាអនាគត សម្រាប់ចែកចាយនៅខែមិថុនាបានកើនឡើង ៧៥សេន ឬ ០,៩ភាគរយដល់ ៨៦,១៦ដុល្លារនៅរសៀលថ្ងៃព្រហស្បតិ៍។

កិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែឧសភានូវប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង ៨៩សេន ឬ ១,១ភាគរយដល់ ៨២,២៤ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងវគ្គមុន តម្លៃប្រេងបានទទួលរងសម្ពាធបន្ទាប់ពីមានការកើនឡើងឥតរំពឹងទុក កាលពីសប្តាហ៍មុននូវស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិក ដែលជំរុញដោយសារការកើនឡើង ការនាំចូលប្រេងឆៅ និងតម្រូវការប្រេងសាំងធ្លាក់ចុះ នេះបើយោងតាមទិន្នន័យរដ្ឋបាលព័ត៌មានថាមពលអាមេរិក។

ទោះជាយ៉ាងណា ការកើនឡើងស្តុកប្រេងឆៅមានទំហំតូចជាងស្តុក ដែលបានព្យាករដោយវិទ្យាស្ថានប្រេងអាមេរិក ហើយក្រុមអ្នកវិភាគបានចង្អុលបង្ហាញថា ការកើនឡើងប្រេងឆៅនេះ មានកម្រិតទាបជាងអ្វីដែលបានរំពឹងទុកថា នឹងកើនឡើងនៅពេលនេះក្នុងឆ្នាំនេះ។

លោក Bjarne Schieldrop អ្នកវិភាគមកពីក្រុមហ៊ុន SEB បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើង ... រំពឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក នឹងកើនឡើងតិចជាងធម្មតា ក្នុងគ្រាដែលទីផ្សារប្រេងពិភពលោក ស្ថិតក្នុងឱនភាពបន្តិច»។ លោកបានបន្ថែមថា៖ «នេះទំនងជានឹងផ្តល់ការគាំទ្រ ដល់តម្លៃប្រេងឆៅប្រភេទ Brent ទៅពេលខាងមុខ»