(វ៉ាស៊ីនតោន)៖ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ទទួលស្គាល់ឋានៈប្រទេសខ្លួនថា ជាសេដ្ឋកិច្ចទីផ្សារ ដោយលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំនឹងផ្តល់អត្ថប្រយោជន៍ ដល់ក្រុងវ៉ាស៊ីនតោនក្នុងវិស័យសំខាន់ៗ ខណៈវៀតណាមព្យាយាមធ្វើពិពិធកម្ម ងាកចេញពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

វៀតណាម និងចិនស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលសហរដ្ឋអាមេរិកកំណត់ថា ជាប្រទេសមិនមានសេដ្ឋកិច្ចទីផ្សារ ដែលឋានៈនេះអនុញ្ញាតឱ្យមានការចាត់វិធានការកាន់តែតឹងរ៉ឹង លើការនាំចេញរបស់ប្រទេសទាំងនោះ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ចូ បៃឌិន កាលពីខែតុលាបានយល់ព្រមពិនិត្យមើលឡើងវិញ នូវឋានៈសេដ្ឋកិច្ចរបស់វៀតណាម។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានថ្លែងក្នុងដំណើរទស្សនកិច្ច នៅទីក្រុវ៉ាស៊ីនតោនថា៖ «មិត្តភ័ក្តិ និងដៃគូអាមេរិករបស់យើងតែងតែនិយាយថា វៀតណាមដែលមានភាពរឹងមាំ ម្ចាស់ការ មានភាពធន់ និងរុងរឿងគឺជាប្រយោជន៍ របស់សហរដ្ឋអាមេរិក។ យើងទន្ទឹងរង់ចាំមើលវិធានការកាន់តែតឹងរ៉ឹង ពីសំណាក់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តនេះ»

លោកបាននិយាយនៅឯស្ថាប័ន Brookings Institution មួយថ្ងៃបន្ទាប់ពីជួបជាមួយមន្ត្រីកំពូលៗអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ថា៖ «យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សារ របស់វៀតណាមក្នុងពេលឆាប់ៗនេះ»

នៅក្នុងលិខិតមួយកាលពីដើមឆ្នាំនេះ ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក គឺអ្នកស្រី Gina Raimondo សមាជិកព្រឹទ្ធសភាអាមេរិកចំនួនប្រាំបីរូប ដែលដឹកនាំដោយលោក Sherrod Brown បានជំរុញមានការសម្រេចចិត្តប្រឆាំងនឹងឋានៈសេដ្ឋកិច្ចទីផ្សារ សម្រាប់ប្រទេសវៀតណាមដោយមួយផ្នែក លើកឡើងពីការព្រួយបារម្ភទាក់ទងនឹងសិទ្ធិការងារ នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។

ប៉ុន្តែលោក Bui បាននិយាយថា វៀតណាមបានផ្តល់សក្តានុភាពក្នុងវិស័យសំខាន់ៗ ដែលសហរដ្ឋអាមេរិកចាប់អារម្មណ៍ រួមទាំងផលិតកម្មបន្ទះឈីប សារធាតុរ៉ែសំខាន់ៗ និងបញ្ញាសិប្បនិម្មិតផងដែរ។

លោកបានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យនេះ អាចលើកកម្ពស់តួនាទីរបស់វៀតណាម ក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងដៃគូផ្សេងទៀតផងដែរ»