(ញូវយ៉ក)៖ ក្រុមហ៊ុនឈ្មួញជើងសារស្ករស StoneX បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទីផ្សារស្ករសពិភពលោក ត្រូវបានព្យាករថានឹងមានអតិរេកផ្គត់ផ្គង់ច្រើនជាង ការរំពឹងទុកនៅក្នុងរដូវកាល ២០២៣-២០២៤ (ខែតុលាដល់ខែកញ្ញា) ដោយសារការស្ទុះងើបឡើងវិញ នៃផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន StoneX បានព្យាករថា ការផលិតស្ករសទូទាំងពិភពលោក មានកម្រិតលើសពីតម្រូវការសរុបចំនួន ៣,៨៨លានតោន កើនឡើងពី ៣,៤លានតោន ដែលបានព្យាករនៅក្នុងខែកុម្ភៈ។

ក្រុមហ៊ុន StoneX បានដំឡើងការព្យាកររបស់ខ្លួន សម្រាប់ផលិតកម្មស្ករសរបស់ប្រទេសឥណ្ឌាចំនួន ១,៧លានតោនដល់ ៣២,៨លានតោន និងបានដំឡើងការព្យាករ សម្រាប់ប្រទេសថៃចំនួន ៥សែនតោនដល់ ៩,១លានតោន។ ប្រទេសទាំងពីរកំពុងទទួលបានទិន្នផលខ្ពស់ នៅក្នុងដំណាក់កាលចុងក្រោយនៃផលិតកម្មរបស់ខ្លួន។

ក្រុមហ៊ុនលំដាប់ពិភពលោក StoneX នេះបានឱ្យដឹងទៀតថា ទិន្នផលប្រសើរឡើងជាង ការរំពឹងទុកនៅទ្វីបអាស៊ី នៈបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៅប្រទេសម៉ិកស៊ិក និងប្រេស៊ីល។

ក្រុមហ៊ុន StoneX ក៏បានចេញផ្សាយការប៉ាន់ប្រមាណថ្មីមួយ សម្រាប់ដំណាំផលិតកម្មស្ករស នៅតំបន់ភាគកណ្តាលខាងត្បូង (Centre-South) របស់ប្រទេសប្រេស៊ីលដែលនឹងចាប់ផ្តើមនៅក្នុងខែមេសាផងដែរ។
ក្រុមហ៊ុនបានកាត់បន្ថយខ្លាំង នូវចក្ខុវិស័យរបស់ខ្លួន ចំពោះការកៀបអំពៅសរុបពីចំនួន ៦២២លានតោន ដែលបានព្យាករក្នុងខែមករាមកនៅត្រឹម ៦០២លានតោន ដោយនិយាយថា ទិន្នផលកសិកម្មនឹងធ្លាក់ចុះប្រហែល ៩ភាគរយដោយសារអាកាសធាតុស្ងួតជាងធម្មតា។

ក្រុមហ៊ុនព្យាករថា ទិន្នផលស្ករសនៅតំបន់ភាគកណ្តាលខាងត្បូង របស់ប្រទេសប្រេស៊ីលមានចំនួន ៤២,៣លានតោនធ្លាក់ចុះពី ៤៣,១លានតោនដែលបានព្យាករក្នុងខែមករា។ អ្នកវិភាគផ្សេងទៀតរំពឹងថា ផលិតកម្មនៅក្នុងប្រទេសប្រេស៊ីលទាបជាងនេះដែលមានប្រហែល ៤០លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕