(ញូវយ៉ក)៖ តម្លៃមាសបានហក់ឡើងខ្ពស់ជាង ២ ២០០ដុល្លារក្នុងមួយអោនជាលើកដំបូង បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានរក្សាចក្ខុវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយអត្រាការប្រាក់បីលើកនៅឆ្នាំនេះ ដែលបង្ហាញថា ធនាគារនេះមិនព្រួយបារម្ភដោយសារការកើនឡើងអតិផរណានាពេលថ្មីៗនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ដុំមាសបានឡើងថ្លៃ ១,៦% ដល់ ២ ២២០,៨៩ដុល្លារក្នុងមួយអោន (៨,៣ជី) ក្នុងការជួញដូរវគ្គដំបូង មុនពេលដែលធ្លាក់ចុះពាក់កណ្តាលនៃកំណើននេះមកវិញ។ នេះគឺជាការឡើងថ្លៃខ្ពស់លើកដំបូងគិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមកដោយសារកត្តានានា រួមទាំងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង និងការទិញមាសពីសំណាក់ធនាគារកណ្តាលនានាដែលនាំមុខដោយធនាគារកណ្តាលចិនជាដើម។

ទោះជាយ៉ាងណា ការកើនឡើងតម្លៃយ៉ាងឆាប់រហ័សនេះបានធ្វើឱ្យអ្នកសង្កេតទីផ្សារជាច្រើនមានការភ្ញាក់ផ្អើល ដោយសារមិនមានកាតាលីករច្បាស់លាស់ណាមួយ។

ការឡើងថ្លៃមាសត្រូវបានជំរុញមួយផ្នែកពីការរំពឹងទុកថានឹងមានគោលនយោបាយរូបិយវត្ថុធូររលុងនៅសហរដ្ឋអាមេរិក ហើយការរំពឹងទុកនេះត្រូវបានបញ្ជាក់ជាថ្មីដោយធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធ។ ទេសាភិបាលធណាគារកណ្តាលអាមេរិកលោក Jerome Powell បានបន្តគូសបញ្ជាក់ថា មន្ត្រីចង់ឃើញភស្តុតាងបន្ថែមទៀតដែកបង្ហាញថាតម្លៃនឹងធ្លាក់ចុះ ប៉ុន្តែ «វានៅតែទំនងជាមនុស្សជាច្រើនយល់ថា យើងនឹងសម្រេចបានទំនុកចិត្តនោះ ហើយនឹងមានការកាត់បន្ថយអត្រាការប្រាក់»

តម្លៃមាសដុំក្នុងទីផ្សារជួញដូរភ្លាមៗបានកើនឡើង ០,៨% ដល់ ២ ២០២,៨២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង ១២ និង ៤នាទីរសៀលម៉ោងនៅសិង្ហបុរី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕