(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានស្នើឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដើម្បីលុបបំបាត់នូវការចុះបញ្ជីបើកក្រុមហ៊ុន-សហគ្រាសក្លែងក្លាយ ដែលជះផលមិនល្អ ដល់ទិដ្ឋភាពអាជីវកម្មនៅកម្ពុជា។

ការស្នើរបស់លោកអគ្គនាយក ធ្វើឡើងបន្ទាប់ពីរកឃើញថា មានក្រុមហ៊ុនចុះបញ្ជីមួយចំនួន បានចុះបញ្ជីមិនពិតប្រាកដ ក្លែងបន្លំ ជាក្រុមហ៊ុនខ្មោច ដើម្បីយកឈ្មោះនាំចូល និងធ្វើអាជីវកម្មដោយមិនបង់ពន្ធ ហើយដល់ពេលណាមួយ នឹងបិទក្រុមហ៊ុនចោលតែម្ដង ដែលមើលទៅក្រោមរូបភាពមិនល្អថា ក្រុមហ៊ុនស្រុកខ្មែរបិទជាបន្ដបន្ទាប់ ប៉ុន្ដែក្រុមហ៊ុនខ្លះបិទ គឺជាក្រុមហ៊ុនខ្មោច ដែលគេចវេសមិនព្រមបង់ពន្ធប៉ុណ្ណោះ។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» រៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោក គង់ វិបុល បានថ្លែងបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវនាំគ្នាសហការគ្នា ដើម្បីបំបាត់នូវអំពើចុះបញ្ជីក្លែងក្លាយរបៀបនេះ ដើម្បីឱ្យអ្នកដែលមានអនុលោមភាពរស់ផង ក៏ព្រោះថា អ្នកទាំងអស់គ្នាបង់ពន្ធ តែក្រុមហ៊ុនមួយចំនួនតូចមិនបង់ពន្ធ នឹងធ្វើឲ្យស្លាប់ជាក់ជាពុំខាន ដោយស្លាប់ទាំងអ្នកបង់ពន្ធ និងស្លាប់ទាំងសេដ្ឋកិច្ច»

លោកបញ្ជាក់ថា ការចុះបញ្ជីសហគ្រាសថ្មី លោកពិតជាចង់បានដើម្បីសេដ្ឋកិច្ច ព្រោះនៅពេលមានការចុះបញ្ជី បើកក្រុមហ៊ុនរកទទួលទានច្រើន នោះនឹងបង្កើតការងារជូនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចកម្ពុជានឹងល្អប្រសើរ៕