(ញូវដែលី)៖ ប្រទេសឥណ្ឌាបានកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុនលំដាប់ពិភពលោកដែលប្តេជ្ញាបង្កើតរោងចក្រក្នុងស្រុក ខណៈដែលប្រទេសនេះព្យាយាមទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិនានាដូចជាក្រុមហ៊ុន Tesla Inc. នៅមុនរៀបចំការបោះឆ្នោតជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាកាលពីថ្ងៃសុក្រថា ដើម្បីទទួលបានសម្បទានពន្ធ ក្រុមហ៊ុននឹងត្រូវវិនិយោគយ៉ាងហោចណាស់ ៤១,៥ពាន់លានរូពី (៥០០លានដុល្លារ) ហើយចាប់ផ្តើមផលិតរថយន្តអគ្គិសនីពីរោងចក្រក្នុងស្រុកក្នុងរយៈពេលបីឆ្នាំ។

រថយន្តអគ្គិសនីនាំចូលណាមួយដែលមានតម្លៃចាប់ពី ៣៥ ០០០ ដុល្លារនឹងទទួលបានការកាត់បន្ថយពន្ធ ១៥ ភាគរយសម្រាប់រយៈពេល ៥ ឆ្នាំ។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមហ៊ុនដែលបានសន្យាវិនិយោគទឹកប្រាក់ជាង ៨០០លានដុល្លារ មានសិទ្ធិនាំចូលរថយន្តអគ្គិសនីសរុបចំនួនតែ ៤ម៉ឺនគ្រឿងប៉ុណ្ណោះ ហើយការនាំចូលមានចំនួន ៨ពាន់គ្រឿងក្នុងមួយឆ្នាំ។

នេះគឺជាវិធានការដែលទទួលបានការស្វាគមន៍សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Tesla របស់សហរដ្ឋអាមេរិក ដែលបានសន្ទនាជាមួយប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរបបពន្ធខ្ពស់របស់ប្រទេសនេះបានរារាំងក្រុមហ៊ុន Tesla ពីការលក់រថយន្តនៅក្នុងប្រទេសឥណ្ឌា ហើយនេះជាអ្វីដែលនាយកប្រតិបត្តិលោក Elon Musk បានលើកឡើង។ សម្រាប់ក្រុមហ៊ុន Tesla ការចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកនេះនឹងក្លាយជាអត្ថប្រយោជន៍ដ៏មានសក្តានុពល។

លោក Musk កាលពីឆ្នាំមុនបាននិយាយថា ក្រុមហ៊ុន Tesla នឹង «វិនិយោគច្រើន» នៅក្នុងប្រទេសឥណ្ឌា ហើយគាត់មានបំណងទៅទស្សនាប្រទេសនេះនៅឆ្នាំ២០២៤។ គាត់ក៏បានមើលឃើញពីសក្តានុពលនៅក្នុងប្រទេសឥណ្ឌាផងដែរក្នុងការផលិតថាមពលប្រកបដោយនិរន្តរភាពតាមរយៈថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ និងការស្តុកទុកថាមពលនៅក្នុងអាគុយ (stationary batteries)។ នេះបើយោងតាមទីភ្នាក់ងាព័ត៌មាន Bloomberg៕