(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Alibaba Group របស់ប្រទេសចិនគ្រោងនឹងវិនិយោគទឹកប្រាក់ ១,១ពាន់លានដុល្លារនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូននិងពង្រីកអាជីវកម្ម។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់ឯកសារយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន Alibaba ថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិនមួយនេះគ្រោងនឹងចំណាយប្រាក់ ២០០លានដុល្លារនៅឆ្នាំនេះលើការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន និង ១០០លានដុល្លារដើម្បីជួយក្រុមហ៊ុនកូរ៉េខាងត្បូងខ្នាតតូច និងមធ្យមក្នុងការលក់ផលិតផលរបស់ពួកគេនៅក្រៅប្រទេស។

កាលពីដើមខែនេះ ស្ថាប័នការពារទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យមើលការអនុវត្តទាក់ទងនឹងទិន្នន័យអ្នកប្រើប្រាស់របស់ក្រុមហ៊ុនប្រតិបត្តិវេទិកាទិញទំនិញធំៗបរទេស រួមទាំងវេទិកា AliExpress របស់ក្រុមហ៊ុន Alibaba ផងដែរ៕