(ភ្នំពេញ)៖ លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships-PPP) ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដោយអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម នូវតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈ។

មន្ត្រីជាន់ខ្ពស់រូបនេះបានពន្យល់ពីអត្ថប្រយោជន៍ចម្បងៗ នៃយន្តការ PPP នេះរួមមាន៖

១៖ ការប្រើប្រាស់ទុនវិនិយោគពីដៃគូឯកជន៖ យន្តការ នេះ អនុញ្ញាតឱ្យភាគីរដ្ឋអាចគៀងគរធនធានពីវិស័យឯកជន ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយសារគម្រោងទាំងនោះភាគច្រើន មានទំហំទុនវិនិយោគធំ ស្របពេលដែលធនធានរបស់វិស័យសាធារណៈមានកំណត់។

២៖ ប្រសិទ្ធភាព និងនវានុវត្តន៍៖ ជាធម្មតា សម្រាប់យន្តការ PPP ដៃគូឯកជននាំមកនូវនវានុវត្តន៍ ជំនាញ និងប្រសិទ្ធភាព ពាក់ព័ន្ធនឹងការរចនាប្លង់, ការសាងសង់ និងការធ្វើប្រតិបត្តិការគម្រោង ដែលអាចជួយសន្សំសំចៃថ្លៃទុនវិនិយោគ និងលើកកម្ពស់គុណភាពសេវាសាធារណៈ។

៣៖ ការចែករំលែកហានិភ័យ៖ មានការបែងចែកហានិភ័យរវាងភាគីរដ្ឋ និងដៃគូឯកជន ដោយភាគីដែលអាចគ្រប់គ្រងហានិភ័យបានល្អបំផុត មានភារៈទទួលបន្ទុកនូវហានិភ័យនោះ តាមការបែងចែកនៅក្នុងកិច្ចសន្យា PPP។

៤៖ ការអនុវត្តគម្រោងអាចប្រព្រឹត្តទៅបានលឿន៖ ការចូលរួមរបស់ដៃគូឯកជនអាចពន្លឿនដំណើរការគម្រោងតាមកាលវិភាគច្បាស់លាស់ ដែលអាចឱ្យសាធារណជនទទួលបានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈកាន់តែឆាប់រហ័ស។

៥៖ សេវាសាធារណៈដែលប្រសើរជាងមុន៖ តាមរយៈយន្តការ PPP នេះ ភាគីរដ្ឋអាចកែលម្អគុណភាព និងលទ្ធភាពទទួលបាននូវសេវាសាធារណៈមួយចំនួន មានដូចជា ការថែទាំសុខភាព, ការអប់រំ និងការដឹកជញ្ជូន ជាដើម។

លោក ម៉ាក់ធារិទ្ធ បានលើកជាឧទាហរណ៍នៃគម្រោង PPP ដែលទទួលបានជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម៖

* គម្រោងផ្លូវរថភ្លើងធុនស្រាល ឆ្ពោះទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ របស់ទីក្រុងបាងកក សម្រាប់ប្រទេសថៃ៖ គម្រោងតភ្ជាប់ផ្លូវដែកសម្រាប់អាកាសយានដ្ឋានសុវណ្ណភូមិ គឺជាគម្រោង PPP ដែលតភ្ជាប់អាកាសយានដ្ឋានសុវណ្ណភូមិ ទៅនឹងទីប្រជុំជននៃទីក្រុងបាងកក។ គម្រោងនេះ បានរួមបញ្ចូលនូវផ្លូវរថភ្លើងល្បឿនលឿន ដែលនាំមកនូវការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងងាយស្រួលសម្រាប់អ្នកដំណើរ ក្នុងការធ្វើដំណើរទៅ និងមកពីអាកាសយានដ្ឋាន។ ដោយមានការរៀបចំកិច្ចសន្យា PPP នេះ បានជួយឱ្យរដ្ឋាភិបាលថៃ ក្នុងការប្រើប្រាស់ទុនវិនិយោគពីដៃគូឯកជន និងជំនាញច្បាស់លាស់ ក្នុងការសាងសង់ និងការធ្វើប្រតិបត្តិការគម្រោងតភ្ជាប់ផ្លូវដែក ដែលនាំឱ្យមានចរាចរណ៍កាន់តែប្រសើរឡើង និងបានជួយជំរុញ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងដឹកជញ្ជូនរបស់ប្រទេសថៃ។

* ស្ថានីយថាមពល Phu My 2.2 នៃប្រទេសវៀតណាម៖ គម្រោងនេះ គឺជាគម្រោង PPP ដែលជោគជ័យមួយ សម្រាប់វិស័យថាមពលរបស់ប្រទេសវៀតណាម។ រោងចក្រអគ្គិសនី ដែលប្រើឧស្ម័ននេះ ត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការអគ្គិសនី ដែលកំពុងតែកើនឡើងនៅក្នុងប្រទេស។ គម្រោងនេះ មានការចូលរួមពីសម្ព័ន្ធវិនិយោគិនជាតិ និងអន្តរជាតិ ដោយត្រូវបានរៀបចំឡើងជាប្រភេទគម្រោង PPP ក្នុងទម្រង់ជាគម្រោងសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer - BOT)។ ការចូលរួមពីដៃគូឯកជន បាននាំមកនូវទុនវិនិយោគដែលចាំបាច់, ជំនាញបច្ចេកទេស និងប្រសិទ្ធភាពប្រតិបត្តិការ ដែលចូលរួមចំណែកដល់ការផ្តល់នូវសន្តិសុខផ្នែកថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសវៀតណាម។

លោកអគ្គនាយកបានបន្ថែមថា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships-PPP) ដែលត្រូវបានរៀបចំដោយមាន ភាពគ្រប់ជ្រុងជ្រោយ និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន គឺមានលទ្ធភាពអាចទាក់ទាញ ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង។
កិច្ចសន្យា PPP នេះនឹងចែងអំពីក្របខ័ណ្ឌច្បាស់លាស់ ក្នុងការបែងចែក៖ (១) សិទ្ធិ និងកាតព្វកិច្ចរបស់គូភាគីនៃកិច្ចសន្យា (២) ហានិភ័យរវាងភាគីរដ្ឋ និងដៃគូឯកជន និង (៣) ការទទួលបានផលចំណេញលើការវិនិយោគ។ ការរៀបចំនេះ នឹង អាចផ្តល់នូវទំនុកចិត្ត ដល់អ្នកផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង។

គោលការណ៍សំខាន់ៗ សម្រាប់ការរៀបចំកិច្ចសន្យា PPP មានចែងនៅក្នុងមាត្រា២៤ នៃច្បាប់ស្តីពី PPP បន្ថែមលើនេះ គំរូឯកសារនៃកិច្ចសន្យា PPP នេះ ត្រូវបានផ្តល់ជូននៅក្នុងផ្នែកទី៣ ស្តីពីឧបសម្ព័ន្ធដែលពាក់ព័ន្ធនឹងការជ្រើសរើសដៃគូឯកជន នៃនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (Standard Operating Procedures-SOP) ភាគ៣៕