(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក PPM Group បានថ្លែងឲ្យដឹងថា សហគ្រាសក្នុងស្រុកអាចរីកចម្រើនទៅបាន ទាមទារការគាំទ្រ និងការជឿទុកចិត្តពីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ សូមកុំនិយមតែផលិតផលបរទេសពេក។

ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍជំនួញរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក PPM Group»។

លោកឱសថបណ្ឌិតបានថ្លែងថា ផលិតផលក្នុងស្រុកភាគច្រើនយើងអាចផលិតធ្វើបាន ប៉ុន្ដែផ្នត់គំនិតប្រជាជនកម្ពុជាបច្ចុប្បន្ន ខុសពីផ្នត់គំនិតប្រជាជនកម្ពុជាកាលពីមុន ព្រោះប្រជាជនពីមុនជឿជាក់ និងគាំទ្រលើផលិតផលក្នុងស្រុក។ ជាក់ស្ដែងដូច ថ្នាំគីណាល់ មិនមែនមានតែថ្នាំដែលផលិតក្នុងស្រុកនោះទេ ថ្នាំបរទេសក៏មាន ប៉ុន្ដែប្រជាជនកាលនោះ និយមប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន ដែលជាហេតុធ្វើឲ្យសហគ្រាសឱសថ មានការទទួលស្គាល់ និងគាំទ្រច្រើន ហើយអាចឈានជំហានមកដល់ពេលបច្ចុប្បន្ននេះ។

ឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់ថា បច្ចុប្បន្នប្រជាជនកម្ពុជា ច្រើនតែជឿជាក់លើផលិតផលបរទេស ជាងផលិតផលក្នុងស្រុក ព្រោះថាការផលិតផលផលក្នុងស្រុក ខ្វះការគាំទ្រ ឬការបញ្ជាក់ណាមួយថា ជាផលិតផលមានគុណភាព មានន័យថា ផលិតផលក្នុងស្រុកដែលដាក់លក់លើទីផ្សារ ទោះបីជាមានគុណភាពនៃផលិតផលនោះល្អយ៉ាងណាក្ដី ប៉ុន្ដែយើងមិនមានអ្វីដែលអាចបញ្ជាក់បន្ថែមថា ផលិតផលនេះពិតជាល្អនោះទេ សព្វថ្ងៃនេះប្រសិនបើយើងចង់ពិសោធន៍រកជាតិពុលណាមួយ គឺត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម ឬសិង្ហបុរីជាដើម ដែលមានតម្លៃខ្ពស់ ឬមិនមានលទ្ធភាពក្នុងការធ្វើ។

ឱសថបណ្ឌិតបានបន្ដថា ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់យើងភាគច្រើន យើងនាំចូលស្ទើរតែទាំងអស់ ដោយយើងពុំមានផ្នត់គំនិតក្នុងការកែច្នៃអ្វីមួយនោះឡើយ។ ជាក់ស្ដែងដូចប្រហុក ពីមុនយើងពុំបានកែច្នៃប្រហុកនោះឡើយ ដោយគិតថា បរទេសគេមិនទទួលស្គាល់ទេ ប៉ុន្ដែជាក់ស្ដែងពេលដែលយើងកែច្នៃ អ្នកដែលទទួលស្គាល់មុនគេ គឺបរទេសនេះឯង មែនទែនទៅធនធានយើងមាន ប៉ុន្ដែអ្វីដែលខ្វះខាតនោះ គឺជំនឿ និងការជឿខ្លួនឯង ប្រសិនបើយើងមិនមានជំនឿនោះទេ​ នោះនឹងមិនមានគោលដៅច្បាស់លាស់នោះឡើយ៕

សូមទស្សនាវីដេអូនៃការពន្យល់របស់ឱសថបណ្ឌិត ហៃ លីអ៊ាង ដូចខាងក្រោម៖