(វ៉ាស៉ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ទណ្ឌកម្មលើប៉ុស្តការពារ ២កន្លែង និងអ្នកតាំងលំនៅអ៉ីស្រាអែល ៣នាក់ ដោយចោទប្រកាន់ពីការបង្កអស្ថិរភាពក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយអំពាវឱ្យអ៉ីស្រាអែលធ្វើការបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងលំនៅ ប្រឆាំងនឹងភាពសុខសាន្តរបស់ជនជាតិប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ប៉ុស្តការពារទាំងពីរនេះត្រូវបានគេស្គាល់ថា Moshe's Farm និង Zvi's Farm ហើយជាមូលដ្ឋាននៃអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន។ អ្នកនាំពាក្យរបស់ក្រសួង លោក Matthew Miller និយាយថា សហរដ្ឋអាមេរិកនឹងចាត់វិធានការថែមទៀតប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅតំបន់ West Bank។ ទណ្ឌកម្មនេះ នឹងនាំទៅដល់ការបង្កទ្រព្យសម្បតិ្តរបស់ពួកគេដែលមាននៅក្នុងសហរដ្ឋមេរិក ហើយរារាំងជនជាតិអាមេរិកមិនឱ្យធ្វើការជាមួយពួកគេ។ ប៉ុន្តែគេមិនទាន់ប្រាកដទេថានឹងប៉ះពាល់ដូម្តេច ចំពោះប៉ុស្តការពារទាំងពីរដែលរងទណ្ឌកម្មដែរនោះ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្រ្គាមនៅហ្គាហ្សា អំពើហិង្សាតំបន់ West Bank កាន់តែកើនឡើង។ កាលពីខែកុម្ភៈ រដ្ឋបាលលោក បៃដិន បានដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៤នាក់រួចមកហើយ ដោយចោទប្រកាន់ពួកគេពាក់ព័ន្ធក្នុងអំពើហិង្សារបស់ក្រុមអ្នកតាំងលំនៅ នៅទីនោះ៕