(ភ្នំពេញ)៖ BOT មកពីពាក្យពេញថា Build Operate Transfer គឺសាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ ហើយគម្រោងវិនិយោគធំៗជាច្រើន ត្រូវបានអនុវត្តន៍តាមទម្រង់ BOT នេះ ដូចជាវារីអគ្គិសនី ផ្លូវល្បឿនលឿន ជាដើម។

លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ថា BOT គឺជាប្រភេទគម្រោង ដែលបានកំណត់ជាក់លាក់ នៅក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ ក្នុងគម្រោង BOT, ដៃគូឯកជនត្រូវបានផ្តល់សិទ្ធិ ដើម្បីរចនាប្លង់ សាងសង់ និងធ្វើប្រតិបត្តិការទ្រព្យសម្បត្តិគម្រោង។ ឧទាហរណ៍ ស្ថានីយថាមពល, ផ្លូវ ឬស្ពាន ដែលតម្រូវឱ្យមានការប្រមូលកម្រៃសេវាពីការប្រើប្រាស់ ក្នុងរយៈពេលកំណត់មួយ។

ក្នុងនោះ ដៃគូឯកជនទទួលខុសត្រូវ ក្នុងការផ្ដល់ហិរញ្ញប្បទានគម្រោង និងត្រូវបានអនុញ្ញាតឱ្យប្រមូលកម្រៃសេវាថ្លៃប្រើប្រាស់ ពីអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ឬអ្នកប្រើប្រាស់ សេវារបស់គម្រោង ក្នុងរយៈពេលដូចបានកំណត់នៅក្នុងកិច្ចសន្យា PPP។ នាពេលបញ្ចប់កិច្ចសន្យា ដៃគូឯកជនត្រូវផ្ទេរសិទ្ធិព្រមទាំង ទ្រព្យសម្បត្តិគម្រោងឱ្យទៅស្ថាប័នសាមី (រដ្ឋាភិបាល) វិញ។

ផ្ទុយទៅវិញ កិច្ចសន្យា PPP មានភាពទូលំទូលាយ ដោយអាចមានទម្រង់ ជាប្រភេទគម្រោងផ្សេងៗ ក្នុងបរិបទភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីសម្រេចឱ្យបាននូវការផ្ដល់សេវាសាធារណៈ ឬការអភិវឌ្ឍ ហេរដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។ យោងតាមមាត្រា ២៥ និងឧបសម្ព័ន្ធ២ នៃច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន បានកំណត់អំពីប្រភេទគម្រោង PPP ដែលមានជាអាទិ៍ ៖ សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ (Build-Operate-Transfer - BOT), សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ (Build-Own-Operate - BOO), សាងសង់ ជួល ផ្ទេរ (Build-Lease-Transfer - BLT),សាងសង់ ផ្ទេរ និងធ្វើប្រតិបត្តិការ (Build-Transfer-Operate - BTO), រចនាប្លង់ សាងសង់ ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការ (Design-Build-Finance-Operate - DBFO) និងប្រភេទគម្រោង PPP ជាច្រើនទៀត។ គម្រោង BOT គ្រាន់តែជាប្រភេទគម្រោងមួយ នៃកិច្ចសន្យា PPP ប៉ុណ្ណោះ។

ជារួម គម្រោង BOT គឺជាប្រភេទគម្រោងជាក់លាក់មួយក្រោមក្របខ័ណ្ឌ PPP, ក្នុងខណៈដែលកិច្ចសន្យា PPP អាចមានទម្រង់ច្រើនផ្សេងពីគ្នា អាស្រ័យលើកិច្ចព្រមព្រៀងរវាងស្ថាប័នសាមី និងដៃគូឯកជនដែលពាក់ព័ន្ធ៕