(ភ្នំពេញ)៖ ធនាគារជាតិកាណាដា (National Bank of Canada) ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ABA បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មាន អំពីការលក់អាជីវកម្មធនាគាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាគឺធនាគារ ABA។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការដែលចេញផ្សាយ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនមេរបស់ធនាគារ ABA មួយនេះបានឱ្យដឹងថា បច្ចុប្បន្នខ្លួនមិនកំពុងពាក់ព័ន្ធនឹងដំណើរការណាមួយ ឬការចរចារណាមួយ ឬជួលក្រុមហ៊ុនប្រឹក្សាណាមួយដើម្បីធ្វើកិច្ចការលក់ធនាគារ ABA ទេ។

សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «ធនាគារ ABA គឺជារឿងជោគជ័យមួយ ដែលផ្តល់កំណើនខ្លាំង និងប្រាក់ចំណេញច្រើនសម្រាប់ធនាគារជាតិកាណាដា។ សម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារ ABA បានបង្កើតប្រាក់ចំណូល ៧២៦លានដុល្លារកាណាដា និងប្រាក់ចំណេញសុទ្ធ ៣៤៣លានដុល្លារកាណាដា (២៥៥លានដុល្លារអាមេរិក)»

សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា៖ «យើងបន្តគាំទ្រកំណើននិងការចូលរួមរបស់ធនាគារ ABA ក្នុងការបង្កើតឧស្សាហកម្មធនាគារដ៏រឹងមាំ និងមានភាពធន់សម្រាប់កម្ពុជា ដែលជួយគាំទ្រដល់ចក្ខុវិស័យ និងមូលដ្ឋានដ៏រឹងមាំនៃសេដ្ឋកិច្ចដ៏ទាក់ទាញ»

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ភ្នាក់ងារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទមួយថា «ធនាគារជាតិកាណាដាកំពុងស្វែងរកជម្រើសនានា សម្រាប់ធនាគារក្រោមចំណុះរបស់ខ្លួនគឺធនាគារ ABA ដោយជម្រើសទាំងនោះអាចជាការលក់ភាគហ៊ុនភាគតិច ឬភាគហ៊ុនភាគច្រើន ឬក៏អាចលក់ភាគហ៊ុនទាំងស្រុងផងដែរ ក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃជាង ២ពាន់លានដុល្លារ។ ទោះយ៉ាងណាការពិចារណានានាដោយ ធនាគារជាតិកាណាដា ស្ថិតនៅដំណាក់បឋមនៅឡើយ ហើយធនាគារនេះអាចសម្រេចចិត្តមិនបន្តដំណើរការកិច្ចព្រមព្រៀងលក់ណាមួយក៏ថាបាន។ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានធ្វើឡើងដោយដកស្រង់ប្រភពដែលដឹងពីកិច្ចការនេះ តែប្រភពទាំងនោះបានស្នើសុំមិនបញ្ចេញអត្តសញ្ញាណដោយសារដំណើរការពិភាក្សានោះគឺជាកិច្ចការឯកជន។

សូមជំរាបថា ធនាគារ ABA ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាធនាគារពាណិជ្ជធំបំផុតរបស់ប្រទេសកម្ពុជាបើគិតពីទ្រព្យសកម្ម និងប្រាក់បញ្ញើក្នុងឆ្នាំ២០២២ នេះបើយោងតាមគេហទំព័ររបស់ធនាគារមួយនេះ។ ធនាគារ ABA មានសាខាចំនួន៩៤ និងមានម៉ាស៊ីនស្វ័យសេវាជាង ១៦០០ នៅទូទាំងប្រទេស។

ធនាគារជាតិកាណាដាបានវិនិយោគលើកដំបូងនៅក្នុងធនាគារ ABA ក្នុងឆ្នាំ២០១៤ តាមរយៈការទិញយកភាគហ៊ុន ១០% ជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការពង្រីកទីផ្សារអន្តរជាតិ។ ក្រោយមក ធនាគារមួយនេះបានបង្កើនភាគហ៊ុនរបស់ខ្លួនដល់ ៤២% ក្នុងឆ្នាំ២០១៥ និងដល់ ៩០% ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៩ ធនាគារនេះបានបង្កើនការកាន់កាប់ភាគហ៊ុនរបស់ធនាគារ ABA ចំនួន ១០០% ជាមួយនឹងការវិនិយោគបន្ថែមចំនួន ៦៣លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅឆ្នាំនោះ។ ការវិនិយោគរបស់ធនាគារជាតិកាណាដានៅក្នុងធនាគារ ABA សរុបមានចំនួន ៣២០លានដុល្លារ៕

សេចក្ដីប្រកាសព័ត៌មានរបស់ National Bank of Canada: https://www.newswire.ca/news-releases/statement-by-national-bank-on-aba-bank-866589349.html