(ភ្នំពេញ)៖ លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកជំរុញពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមានតួនាទី និងភារកិច្ច ស្វែងរកទីផ្សារ លើកកម្ពស់ផលិតផលជាតិ ជំរុញការនាំចេញផលិតផល និងសេវាកម្មក្នុងស្រុកទៅអន្តរជាតិ។

លោកបន្តថា ដោយមកដល់ពេលនេះក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាសេនាធិការ បានធ្វើកិច្ចការនេះជាច្រើន តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយ​​ ពីផលិតផលសក្កានុពលកម្ពុជា នៅតាមបណ្តារាជធានី-ខេត្ត ការរៀបចំទិវាបន្លែផ្លែឈើ ការរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរជាដើម។

លោក កៅ កោសល បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់ប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ» ដែលបានរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមពីលោក-លោកស្រី និងធុរជនកម្ពុជា និងមានលោក-លោកស្រី ភ្ញៀវកិត្តិយសជាតិជាច្រើនរូបទៀត។

លោក កៅ កោសល បានឱ្យដឹងទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងបញ្ចកោណទី៣ ស្តីពីការបន្តពង្រឹង និងការពង្រីកទីផ្សារ ក្នុងស្រុក និងសកលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈការដាក់ឱ្យអនុវត្តយន្តការគាំទ្ររបស់រដ្ឋនានា និងលទ្ធកម្មសាធារណៈ ព្រមទាំងការផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតបណ្តាញធុរកិច្ច (Business Net-Working)។

លោក កៅ កោសល បានបន្ថែមថា ការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្រ្ត ផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងបរិយាកាសអំណោយផល សម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផល របស់ប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគ្រិន ពាណិជ្ជករ អាជីវករ និងធុរជន កម្ពុជាអាចស្វែងរកព័ត៌មានពាក់ព័ន្ធផ្សេងៗ ទាក់ទងនឹងការជំរុញការនាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែទូលំទូលាយជាងមុន។ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកក៏បានលើកទឹកចិត្ត ដល់អ្នកចូលរួមទាំងអស់ ចាប់ឱកាសស្វែងរកទីផ្សារ សម្រាប់ផលិតផលរបស់ខ្លួនឱ្យចំគោលដៅ និងទទួលបានលទ្ធផលខ្ពស់។

បន្ថែមពីនេះដែរ លោក កៅ កោសល ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ ល្អរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំសិក្ខាសាលាបែបនេះ ជាប្រចាំដើម្បីជួយដល់សហគ្រាស ពាណិជ្ជករ អាជីវករ ជំរុញការនាំចេញផលិតផលរបស់ខ្លួន ឱ្យកាន់តែមានភាពប្រសើរ និងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ៕

http://image.freshnewsasia.com/2021/id-132/fn-2024-03-12-17-23-05-4.JPG http://image.freshnewsasia.com/2021/id-132/fn-2024-03-12-17-23-05-5.JPG

http://image.freshnewsasia.com/2021/id-132/fn-2024-03-12-17-23-09-14.JPG http://image.freshnewsasia.com/2021/id-132/fn-2024-03-12-17-23-10-15.JPG