(ភ្នំពេញ)៖ នៅរយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមទិន្នន័យដដែលនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ប្រមាណជាង ៣.៩លានដុល្លារ កើនឡើង២២.៧% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ៤.១ពាន់លានដុល្លារ កើនឡើង១៦.១%។

ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។

ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ២.១ពាន់លានដុល្លារ, វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ១.៤ពាន់លានដុល្លារ, អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១.៣ពាន់លានដុល្លារ, ថៃ សម្រេចបានទំហំពាណិជ្ជកម្ម ៧៥០​លានដុល្លារ, ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្ម ៣២៥​លានដុល្លារ, ឥណ្ឌូនេស៊ី សម្រេចបានទំហំពាណិជ្ជកម្ម ១៩១ ​លានដុល្លារ, កាណាដា សម្រេចបានទំហំពាណិជ្ជកម្ម ១៦៧​លានដុល្លារ, អង់គ្លេស សម្រេចបានទំហំពាណិជ្ជកម្ម១៤២​លានដុល្លារ និងបណ្តាប្រទេសមួយចំនួនទៀត៕