(ស៊ីដនី)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Don Farrell បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងបញ្ចប់ការពិនិត្យឡើងវិញ លើពន្ធគយដែលបានដកហូតរយៈពេលជាច្រើនឆ្នាំ លើស្រាអូស្ត្រាលីនៅចុងខែមីនា ហើយក៏កំពុងពិនិត្យមើលការរឹតបន្តឹងរបស់ខ្លួន លើការនាំចូលបង្កងអូស្រ្តាលីផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោក Farrell សង្ឃឹមថា ប្រទេសចិននឹងលុបចោលពន្ធគយទាំងនេះ ដែលមានអត្រារហូតដល់ទៅ ២១៨ភាគរយលើស្រាអូស្ត្រាលី ដែលបានដកហូតដំបូងក្នុងឆ្នាំ២០២១ នៅពេលដែលការពិនិត្យឡើងវិញនេះបានបញ្ចប់ ហើយថា វឌ្ឍនភាពល្អក៏កំពុងកើតមានផងដែរ ទាក់ទងនឹងការរឹតបន្តឹងក្រៅផ្លូវការ លើការនាំចូលបង្កង។

លោករដ្ឋមន្ត្រីបានថ្លែងប្រាប់សារព័ត៌មាន Sky News កាលពីថ្ងៃអាទិត្យថា៖ «ដំណើរការនោះ [ស្រា] នឹងមកដល់ទីបញ្ចប់ឥឡូវនេះ ហើយនៅដំណាច់ខែមីនា ដំណើរការនោះនឹងត្រូវបញ្ចប់»។ លោកបានបន្ថែមថា៖ «រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ប្រាប់ខ្ញុំកាលពីសប្តាហ៍មុន»

ទោះជាយ៉ាងណា លោក Farrell បាននិយាយថា ប្រទេសអូស្ត្រាលីនឹងមិនស្ទាក់ស្ទើរ ក្នុងការបន្តបណ្តឹងរបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងពន្ធគយនេះទេ ប្រសិនបើប្រទេសចិនមិនលុបចោលពន្ធគយនេះ បន្ទាប់ពីបញ្ចប់ការពិនិត្យឡើងវិញ ដែលទីក្រុងប៉េកាំងបានចាប់ផ្តើមកាលពីឆ្នាំមុន។

ប្រទេសចិនបាន និងកំពុងដាក់របាំងពាណិជ្ជកម្ម ជាបន្តបន្ទាប់ដែលបានដាក់តាំងពីចុងឆ្នាំ២០២០ លើទំនិញជាច្រើនរបស់អូស្រ្តាលី រួមមានស្រូវបាឡេ ស្រា ធ្យូងថ្ម និងបង្កង។ ការរឹតបន្តឹងនេះគឺជាផ្នែកមួយនៃជម្លោះ ដែលរីករាលដាលកាន់តែខ្លាំងឡើង ជុំវិញការវិនិយោគបរទេស និងសន្តិសុខដែលផ្ទុះឡើង នៅពេលដែលអូស្ត្រាលីអំពាវនាវឱ្យមានការស៊ើបអង្កេត រកប្រភពដើមនៃការផ្ទុះជំងឺកូវីដ។

ពន្ធគយលើស្រានិងការរឹតបន្តឹងក្រៅផ្លូវការ លើការនាំចូលបង្កងអូស្រ្តាលី គឺជាឧបសគ្គមួយចំនួនដែលនៅសេសសល់។ លោក Farrell បាននិយាយថា រដ្ឋមន្ត្រីពាណិជ្ជកម្មចិនក៏បានប្រាប់គាត់ផងដែរថា ការពិនិត្យឡើងវិញលើការរឹតបន្តឹងបង្កង ក៏កំពុងដំណើរការផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕