(ញូវដែលី)៖ ប្រទេសឥណ្ឌាបានចេញផ្សាយកំណើនសេដ្ឋកិច្ចខ្ពស់ជាង ៨% ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំមុន ដែលខ្ពស់ជាងការព្យាករទាំងអស់របស់សេដ្ឋវិទូ។ ការចេញផ្សាយកំណើនសេដ្ឋកិច្ចខ្ពស់នេះធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថាក្រសួងស្ថិតិឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផលិតផលក្នុងស្រុកសរុបថាបានកើនឡើង ៨,៤% ក្នុងរយៈពេលពីខែតុលាដល់ខែធ្នូដែលជាត្រីមាសទី៣ នៃឆ្នាំសារពើពន្ធរបស់ឥណ្ឌា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការវិនិយោគក្នុងវិស័យឯកជនដ៏រឹងមាំ និងការកើនឡើងការចំណាយលើសេវាកម្ម។ តួលេខ ផ.ស.ស សម្រាប់ត្រីមាសទី២ បានកើនឡើង ៨% បន្ទាប់ពីត្រូវបានកែសម្រួលឡើងវិញ។

រដ្ឋាភិបាលឥណ្ឌាបានព្យាករថា សេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំនឹងកើនឡើង ៧,៦% ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនាឆ្នាំនេះ ពោលគឺខ្ពស់ជាងការព្យាករមុនដែលមាន ៧,៣% ដែលរក្សាប្រទេសឥណ្ឌាស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។ កត្តានេះបានផ្តល់ឱ្យនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នូវកត្តាជំរុញមួយនៅពេលដែលគាត់ប្រកួតប្រជែងការបោះឆ្នោតដែលទំនងជានឹងចាប់ផ្តើមនៅក្នុងខែមេសា។

លោក Rahul Bajoria សេដ្ឋវិទូមកពីធនាគារ Barclays Bank Plc បានប្រាប់ Bloomberg ថា៖ «ការកែប្រែនៅក្នុងទិន្នន័យកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះបង្ហាញថា ឥណ្ឌាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច ៨% រួចទៅហើយ និងកំពុងកើនឡើង»៕