(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃពុធបានដាក់ចេញបទបញ្ជាប្រតិបត្តិមួយក្នុងគោលបំណងការពារទិន្នន័យផ្ទាល់ខ្លួនអាមេរិក តាមរយៈការដាក់កម្រិតលើការផ្ទេរទិន្នន័យទៅកាន់ប្រទេសចិន រុស្ស៊ី និងប្រទេសដទៃទៀត ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់មន្ត្រីអាមេរិកមួយក្រុមថា បញ្ជាប្រតិបត្តិនេះនឹងទប់ស្កាត់ការផ្ទេរជាច្រើននូវទិន្ន័យអំពីទីតាំងភូមិសាស្ត្រ ជីវមាត្រ (biometric) សុខភាព និងព័ត៌មានហិរញ្ញវត្ថុរបស់ជនជាតិអាមេរិកដោយក្រុមហ៊ុនឈ្មួញជើងសារទិន្នន័យ និងក្រុមហ៊ុនផ្សេងទៀតទៅកាន់ «ប្រទេសដែលបង្កក្តីបារម្ភ» មួយចំនួន។

ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងថា ក៏នឹងមានការរារាំងការផ្ទេរទិន្នន័យណាមួយអំពីបុគ្គលិករដ្ឋាភិបាលអាមេរិកទៅកាន់ប្រទេសដែលបង្កក្តីបារម្ភផ្សេងទៀតផងដែរដូចជាប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង គុយបា និងវ៉េណេស៊ុយអេឡា។

ក្រុមមន្ត្រីដដែលនេះបានបន្តថា «ប្រទេសចិន និងរុស្ស៊ីកំពុងទិញទិន្នន័យផ្ទាល់ខ្លួនដែលមានភាពរសើបរបស់អាមេរិកពីក្រុមហ៊ុនកណ្តាលជើងសារទិន្នន័យ» និងប្រើប្រាស់វា «ដើម្បីចូលរួមក្នុងសកម្មភាពមិនសមរម្យជាច្រើន រួមទាំងសកម្មភាពតាមអ៊ីនធឺណិតក្នុងគោលបំណងអាក្រក់ ចារកម្ម និងសកម្មភាពជំរិតទារប្រាក់»

ពួកគេបានបន្ថែមថា៖ «ការទិញទិន្នន័យតាមរយៈក្រុមហ៊ុនឈ្មួញជើងសារទិន្នន័យបច្ចុប្បន្នមានភាពស្របច្បាប់នៅសហរដ្ឋអាមេរិក។ នោះឆ្លុះបញ្ចាំងពីភាពឆកល្វែងនៅក្នុងកញ្ចប់ឧបករណ៍សន្តិសុខជាតិរបស់យើង» ហើយបញ្ជាប្រតិបត្តិដែលបានដាក់ចេញនេះមានគោលបំណងបំពេញភាពឆកល្វែងនេះ។

ការដាក់ចេញបញ្ជាប្រតិបត្តិនេះគឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោនដើម្បីរារាំងលំហូរទិន្នន័យរបស់អាមេរិកទៅកាន់ប្រទេសចិន ដែលបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាដ៏យូរឆ្នាំជាមួយសហរដ្ឋអាមេរិក៕