(បាងកក)៖ លោក Prommin Lertsuridej អគ្គលេខាធិការនាយករដ្ឋមន្ត្រីថៃឱ្យដឹងថា ការចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នឹងលើកកម្ពស់ស្តង់ដាររបស់ប្រទេសថៃ ព្រមទាំងជួយបង្កើតគុណភាពជីវិតកាន់តែប្រសើរសម្រាប់ប្រជាជនថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ការថ្លែងរបស់លោក Prommin បានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងពីការក្លាយជាសមាជិករបស់អង្គការ OECD ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកាលពីថ្ងៃសុក្រ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃបានដាក់លិខិតបង្ហាញចេតនាមួយទៅកាន់អង្គការ OECD ដើម្បីក្លាយជាសមាជិក ដោយបំពេញមហិច្ឆតាក្លាយជាសេដ្ឋកិច្ចទីផ្សារដ៏រឹងមាំមួយដែលអាចប្រកួតប្រចែងកម្រិតសកលលោក។

លោកបាននិយាយថា វិធានការនេះគឺជាជំហានដំបូងក្នុងចំណោមជំហានចំនួន១០ នៅក្នុងបញ្ជីកិច្ចការដែលត្រូវធ្វើ មុនពេលអាចមានការអនុម័តពាក្យសុំ។ លោក Prommin បានបន្តថា ការក្លាយជាសមាជិករបស់អង្គការ OECD ឆ្លុះបញ្ចាំងពីការទទួលយកស្តង់ដារពិភពលោកខ្ពស់បំផុតនៃប្រទេសអភិវឌ្ឍន៍ ដែលនឹងជួយទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសថៃ។

អង្គការ OECD កំណត់ស្តង់ដារអន្តរជាតិឱ្យស្របជាមួយប្រទេសជាសមាជិក ដែលរួមមានប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយស្ថិរភាព អភិបាលកិច្ចប្រជាធិបតេយ្យ នីតិរដ្ឋ ប្រព័ន្ធអប់រំប្រកបដោយគុណភាព ការការពារបរិស្ថាន និងគុណភាពជីវិត។

លោក Prommin បានថ្លែងថា ការក្លាយជាសមាជិកអង្គការ OECD ទាមទារឱ្យមានកំណែទម្រង់បទប្បញ្ញត្តិដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ។ ឧទាហរណ៍ នាពេលបច្ចុប្បន្ន ការស្នើសុំអាជ្ញាប័ណ្ណបង្កើតរោងចក្រក្នុងប្រទេសថៃទាមទារឱ្យមានការអនុញ្ញាតពីភ្នាក់ងាររដ្ឋរហូតដល់ ១៩ស្ថាប័ន។ ជាលទ្ធផល ដំណើរការនេះគួរកាត់ឱ្យនៅខ្លី។

លោក Prommin បានមានប្រសាសន៍ថា៖ «កាតព្វកិច្ចរបស់រដ្ឋគឺគាំទ្រ និងសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។ កំណែទម្រង់បទប្បញ្ញត្តិគឺជាជម្រើសដែលចំណាយទាបបំផុតដើម្បីទាក់ទាញការវិនិយោគ»។

អង្គការ OECD ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយប្រទេសអភិវឌ្ឍន៍។ ៥០ឆ្នាំក្រោយមក សមាជិកភាពរបស់អង្គការនេះត្រូវបានពង្រីកដើម្បីរួមបញ្ចូលតំបន់ភូមិសាស្ត្រកាន់តែទូលំទូលាយ រួមទាំងអាមេរិកឡាទីន អាស៊ី និងប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ មានប្រទេសសមាជិកតែពីរប៉ុណ្ណោះដែលតំណាងឱ្យអាស៊ី គឺជប៉ុននិងកូរ៉េខាងត្បូង។ ឥណ្ឌូណេស៊ីជាសមាជិកអាស៊ានមួយទៀតដែលស្ថិតក្នុងដំណើរការដាក់ពាក្យចូលជាសមាជិក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕