(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) បានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសចិននិងសហរដ្ឋអាមេរិកគួរតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយទីក្រុងវ៉ាស៊ីនតោនគួរតែជៀសវាងការផ្តាច់ខ្លួនពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូអាមេរិកដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រី លី បានប្រាប់គណៈប្រតិភូដែលដឹកនាំដោយប្រធានសភាពាណិជ្ជកម្មអ្នកស្រី Suzanne Clark ថា៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាស្ថានភាពឈ្នះឈ្នះសម្រាប់ប្រទេសទាំងពីរ»
លោកបានបន្ថែមថា៖ «ការព្យាយាមផ្តាច់ចេញពីគ្នា និងការកសាង 'ទីធ្លាតូចដែលមានជញ្ជាំងខ្ពស់' មិនស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងសងខាងទេ»
លោក លី បាននិយាយថា ក្រុមហ៊ុនអាមេរិកទទួលបានការស្វាគមន៍ក្នុងការបន្តការវិនិយោគនៅក្នុងប្រទេសចិន និងថា របាំងទាំងនេះមិនស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរនោះទេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកស្រី Clark កំពុងដឹកនាំគណៈប្រតិភូអតីតមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមការភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញជាបណ្តើរៗ បន្ទាប់ពីជួបភាពតានតឹងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារបញ្ហាផ្សេងៗរួមទាំងបញ្ហាកោះ តៃវ៉ាន់ ការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងគោលនយោបាយពាណិជ្ជកម្មជាដើម៕