(ក្រុងបុមបៃ)៖ ប្រភពពីរដ្ឋាភិបាលនិងក្រុមពាណិជ្ជកម្មបានឱ្យដឹងថា វៀតណាមបាននាំចូលអង្ករសំរូបពីប្រទេសឥណ្ឌាជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្ស ដើម្បីកែច្នៃនិងនាំចេញជាអង្ករស ខណៈដែលទីក្រុងហាណូយព្យាយាមទាញយកប្រយោជន៍ពីតម្រូវការអង្ករពិភពលោកដ៏រឹងមាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វៀតណាមដែលជាប្រទេសនាំចេញអង្ករធំទី៣ ក្នុងពិភពលោកបាននាំចូលអង្ករសំរូបយ៉ាងតិច ២សែនតោនពីប្រទេសឥណ្ឌានៅចន្លោះពីខែធ្នូដល់ខែកុម្ភៈ។

ប្រទេសវៀតណាមកំពុងទទួលបានការបញ្ជាទិញអង្ករសម្រាប់នាំចេញយ៉ាងច្រើនបន្ទាប់ពីឥណ្ឌាដែលជាប្រទេសនាំចេញដ៏ធំបំផុតក្នុងពិភពលោកបានដាក់បម្រាមនាំចេញអង្ករសក្នុងឆ្នាំ២០២៣។ ការនាំចេញអង្ករពីប្រទេសវៀតណាមបានកើនឡើងដល់ ៨,៣លានតោនក្នុងឆ្នាំ២០២៣។

ឈ្មួញអង្ករមួយរូបនៅទីក្រុងកុលកាតា (Kolkata) ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌាប្រាប់រ៉យទ័រថា ការកើនឡើងនាំចេញបាននាំឱ្យមានការធ្លាក់ចុះស្តុកអង្ករវៀតណាម ដែលនៅតែចង់បំពេញតម្រូវការសកលដែលកំពុងកើនឡើង។

លោកបន្តថា ដោយសារស្រូវមិនមានក្នុងប្រទេសវៀតណាមសម្រាប់កិន ទើបឈ្មួញខ្លះបាននាំចូលអង្ករសម្រូបពីប្រទេសឥណ្ឌា ហើយទទួលបានប្រាក់ចំណេញយ៉ាងល្អតាមរយៈការកែច្នៃ និងនាំចេញអង្ករ។ ឈ្មួញអ្នកនាំចេញរូបនេះបានបន្តថា មិនយូរប៉ុន្មានឈ្មួញផ្សេងទៀតនឹងធ្វើតាម។

ប្រភពដដែលបានឱ្យដឹងថា ខណៈដែលអង្ករសំរូបរបស់ឥណ្ឌាមានតម្លៃប្រហែល ៥០០ល្លារអាមេរិកក្នុងមួយតោនជាតម្លៃដឹកដល់កំពង់ផែ ឈ្មួញវៀតណាមបានលក់អង្ករសម្រិតក្នុងតម្លៃជាង ៦០០ដុល្លារ។ ប្រភពទាំងនេះបានបន្តថា ប្រទេសវៀតណាមបានចាប់ផ្តើមទិញអង្ករសំរូបពីប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ហើយឥឡូវនេះប្រទេសវៀតណាមទិញប្រហែល ៩៥ភាគរយនៃការនាំចេញអង្ករសំរូបសរុបរបស់ប្រទេសឥណ្ឌា។

មន្ត្រីរដ្ឋាភិបាលវៀតណាមមួយរូបដែលសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់រ៉យទ័រថា បច្ចុប្បន្ននេះទីក្រុងហាណូយកំពុងនាំចូលអង្ករសំរូបប្រហែល ៧ម៉ឺនតោនពីប្រទេសឥណ្ឌាក្នុងមួយខែ៕